(ប៉េកាំង)៖ បច្ចុប្បន្ន បើទោះបីជាប្រទេសភាគច្រើន កំពុងស្ថិតក្រោមម្លប់នៃសុខសន្តិភាពក្តី តែក៏មានប្រទេសមួយចំនួន កំពុងរងការញាំញីពីសង្គ្រាមឬពីកត្តាអសន្តិសុខមួយចំនួន ដូចជាភេរវនិយមនិងការគំរាមកំហែង ពីការវាយប្រហារតាមបណ្តាញអ៊ីនធើណិតជាដើម។ អាស្រ័យហេតុនេះ ការដោះសា្រយបញ្ហាសន្តិសុខជា ភារកិច្ចចាំបាច់បំផុតនៅចំពោះមុខ របស់បណ្តាប្រទេសនានា។

ក្នុងន័យនេះ ពេលអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសចិនស្តីពី «សន្តិសុខសកល» ដើម្បីរួមចំណែកជា «ផែនការចិន» សម្រាប់ជាយុថ្កាលំនឹង សន្តិសុខសកលក្នុងយុគសម័យថ្មី ។

លោកគូសបញ្ជាក់ពី «ការប្រកាន់ខ្ជាប់» ចំនួន៦ចំណុច មានជាអាទិ៍៖ ប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខបែបរួមគ្នាចម្រុះ សហប្រតិបត្តិការនិងនិរន្តរភាព, ប្រកាន់ខ្ជាប់ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសដទៃ, ប្រកាន់ខ្ជាប់ការគោរពនិងប្រតិបត្តិតាមកម្មវត្ថុ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, ប្រកាន់ខ្ជាប់ការផ្តោតសំខាន់ចំពោះ ការយកចិត្តទុកដាក់ផ្នែកសន្តិសុខដ៏សមហេតុផលរបស់ប្រទេសនានា, ប្រកាន់ខ្ជាប់ការដោះស្រាយការខ្វែងគំនិតនិងជម្លោះរវាងប្រទេសនិងប្រទេស តាមរយៈការពិគ្រោះពិភាក្សានិងវិធីសាស្ត្រសន្តិភាព, ប្រកាន់ខ្ជាប់ការគ្រោងផែនការសម្រាប់គាំពារ សន្តិសុខផ្នែកប្រពៃណីនិងមិនប្រពៃណី។ តាមរយៈការលើកឡើងនេះ ប្រទេសចិនបានបង្ហាញជំហររបស់ខ្លួន អំពីបញ្ហាសន្តិសុខសកលដែលជារឿងធំបំផុតពាក់ព័ន្ធនឹង ជោគវាសនារបស់ពិភពលោក។

ដូចអ្វីដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រសិនបើសង្គមមួយដែលគ្មានសន្តិសុខ ប្រជាពលរដ្ឋនឹងគ្មានសុវត្ថិភាពផ្លូវចិត្ត យូរៗទៅនឹងបង្កជាគ្រោះថ្នាក់ចំពោះសន្តិភាពជាតិ។ ស្របនឹងការវិវត្តន៍នៃយុគសម័យ កត្តាអសន្តិសុខជាច្រើនពិសេសសន្តិសុខមិនប្រពៃណី បានកើនឡើងជាបន្តបន្ទាប់ដែលក្លាយជា គ្រោះថ្នាក់លាក់កំបាំងដ៏ធំចំពោះសុខសន្តិភាពនៃប្រទេសជាតិ។

យ៉ាងណាមិញ បុរេលក្ខខណ្ឌនៃការដែលប្រទេសមួយទទួលបានសន្តិសុខពេញលេញ គឺអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ជាតិ ទទួលបានការគាំពារយ៉ាងពេញលេញ ដោយមិនស្ថិតក្រោមការជ្រៀតជ្រែកពីបាតដៃខ្មៅណាមួយ ។ ក្នុងន័យនេះ ប្រទេសនានាត្រូវនិយាយថា «ទេ» យ៉ាងដាច់ណាត់ចំពោះ ការគំរាមកំហែងដោយអនុត្តរភាពនិយម ក្រោមលេសផ្សេងៗ ព្រោះប្រទេសដ៏ច្រើនលើសលប់គឺឈរនៅម្ខាងនៃសច្ចធម៌ជានិច្ច ពោលគឺមិនថាក្នុងកាលៈទេសៈណាក្តី ការប្រកាន់ខ្ជាប់ពហុភាគីនិយម គឺមិនស្ថិតនៅក្នុងភាពឯកោឡើយ។

បច្ចុប្បន្ន ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនមិនត្រឹមតែបង្ក ផលប៉ះពាល់ដល់ប្រទេសសាមីប៉ុណ្ណោះទេ ប៉ុន្តែក៏បានជះឥទ្ធិពលអវិជ្ជមានដល់ពិភពលោកទាំងមូលផងដែរ។ ដើមហេតុដែលបណ្តាលឱ្យកើតមាន ការប៉ះទង្គិចនេះវាមានភាពស្មុគស្មាញ ទាំងខាងប្រវត្តិសាស្ត្រនិងភូមិសាស្ត្រផង ហើយក៏មានកត្តា ដែលរងការជ្រៀតជ្រែកពី «អំណាចដៃវែង» ផងដែរ ។ ជាការពិតណាស់ មិនត្រឹមតែប្រជាជននៃប្រទេសសាមីដែលកើតមានការប៉ះទង្គិចនោះទេ ប្រជាជនលើពិភពលោកដែលស្នេហាសន្តិភាពក៏សុទ្ធតែមិនចង់ឃើញការប៉ះទង្គិចបែបនេះឡើយ ព្រោះសង្គ្រាមវានាំមកតែភាពវិនាសហិនហោច ដែលគ្មានផលចំណេញអ្វីនោះទេ។

ក្រៅអំពីនេះ ស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យា បញ្ហាសន្តិសុខមិនប្រពៃណីមានភាពលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ ដែលតម្រូវឱ្យប្រទេសនានាផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ក្នុងចំណោមនោះ សន្តិសុខបណ្តាញអ៊ីនធើណិតជា រឿងគួរឱ្យព្រួយបារម្ភបំផុតមួយ ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ឬប្រទេសក្រីក្របំផុត ដែលមានភាពទន់ខ្សោយខាងបច្ចេកវិទ្យា។ អាស្រ័យហេតុនេះ ប្រទេសខ្លាំងខាងបច្ចេកវិទ្យាគួរធ្វើរឿងណា ដែលមានអំណោយផលដល់សន្តិសុខជាតិរបស់ប្រទេសទន់ខ្សោយ ពោលគឺប្រើបច្ចេកវិទ្យាដើម្បីជាប្រយោជន៍រួមរបស់មនុស្សជាតិ តែមិនមែនជាឧបករណ៍សម្រាប់បម្រើមហិច្ឆតា ធ្វើអនុត្តរភាពរបស់ខ្លួននោះទេ។

តាមកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ គឺមិនថាប្រទេសធំឬតូចគឺត្រូវមានសិទ្ធិស្មើគ្នា ក្នុងន័យនេះ ប្រទេសតូចមិនត្រូវក្លាយជាកូនអុក នៃការប្រកួតប្រជែងរវាងប្រទេសមហាអំណាច ឬជាដើមទុននៃល្បែងនយោបាយ របស់ប្រទេសមហាអំណាចនោះឡើយ។ ឯប្រទេសមហាអំណាចដែលប្រកាន់យកគំនិតសង្គ្រាមត្រជាក់ បង្កអសន្តិសុខនៅប្រទេសផ្សេង មុខជានឹងត្រូវទុកឈ្មោះអសោចក្នុងប្រវត្តិសាស្ត្រ ហើយត្រូវសង្គមមនុស្សជាតិទាំងមូល ស្អប់ខ្ពើមជាមិនខាន។

ក្នុងបរិបទដែលនិម្មាបនកម្មពិភពលោកមានការប្រែប្រួលដ៏ស្មុគស្មាញ ត្រូវមានប្រទេសដែលមានឥទ្ធិពលចេញមុខ ដើម្បីលើកឡើងជាគំនិតផ្តួចផ្តើមក្នុងន័យចង្អុលបង្ហាញទិសដៅ និងណែនាំនិន្នាការរបស់ពិភពលោកក្នុងពេលអនាគត ក្នុងចំណោមនោះ «ផែនការចិន» មួយហើយមួយទៀតដែលសុទ្ធសឹងតែប្រកាន់ខ្ជាប់ ពហុភាគីនិយមនិងប្រយោជន៍រួម របស់មនុស្សជាតិទាំងមូលទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រទេសភាគច្រើនលើសលប់ ដែលមានជំហរប្រហាក់ប្រហែលគ្នា ដែលត្រូវបានទទួលស្គាល់ថាជា «យុថ្កាលំនឹងស្ថិរភាព» ពិភពលោក។

ជាធម្មតា ក្នុងគ្រួសារសាមញ្ញមួយ ក៏រមែងតែងកើតមានភាពរកាំរកូសបន្តិចបន្តួច ដែលមិនអាចជៀសបាន កុំថាឡើយតែពិភពលោកដែលជា មហាគ្រួសារមួយដែលមានជាតិសាសន៍ ភាសា ពណ៌សម្បុរ វប្បធម៌និងទម្លាប់រស់នៅទីទៃគ្នានោះ ការខ្វែងគំនិតវាជារឿងធម្មតាទៅហើយ ប៉ុន្តែអ្វីដែលសំខាន់គឺតើបន្ទាប់ពីកើតមានការខ្វែងគំនិត ត្រូវដោះស្រាយដោយរបៀបណា ដើម្បីជៀសវាងផ្ទុះការប៉ះទង្គិចដែលបង្កជា អសន្តិសុខចំពោះប្រទេសសាមីនិងប្រទេសជិតខាង? យើងអាចរកបានចម្លើយយោង សម្រាប់ការដោះស្រាយបញ្ហាពីក្នុង «គំនិតផ្តួចផ្តើមសន្តិសុខសកល» របស់ប្រទេសចិន៕

អត្ថបទដោយ៖ តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន