(ស្ដុកខុល)៖ ក្រុមអ្នកសិក្សាស្រាវជ្រាវបានឱ្យដឹងថាការចំណាយលើវិស័យយោធា នៅក្នុងឆ្នាំ២០២១ នៅតែមានកម្រិតខ្ពស់ ខណៈសង្រ្គាមរបស់ រុស្ស៉ីនៅអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងធ្វើឱ្យនិន្នាការនេះបន្តកើនឡើង ជាពិសេសនៅក្នុងតំបន់អឺរ៉ុបតែម្ដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២។

បើតាមរបាយការណ៍ថ្មីចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយក្រុមអ្នកសា្រវជ្រាវមកពីវិទ្យាសា្ថនស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល មានមូលដ្ឋាន នៅក្នុងប្រទេសស៊ុយអែត, ទោះជាសេដ្ឋកិច្ចពិភពលោកកំពុងជួបវិបត្តិបង្កឡើងដោយ COVID-19 ក៏ដោយ ក៏បណ្ដាប្រទេសនៅទូទាំងពិភពលោក នៅតែបន្តបង្កើនការចំណាយលើវិស័យយោធា ជាមួយកំណើន ០.៧ភាគរយកាលពីឆ្នាំ២០២១ ដែលជាកំណើន ៧ឆ្នាំជាប់ៗគ្នា ឬគិតជាទឹកប្រាក់ ស្មើនឹង ២.១ទ្រីលានដុល្លារ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ដដែល សហរដ្ឋអាមេរិកនៅតែនាំមុខគេខាងចំណាយលើវិស័យយោធា រហូតដល់ទៅ ៨០១ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ តាមក្រោយដោយចិនដែលឈរនៅលេខ ២ ជាមួយការចំណាយ ២៩៣ពាន់លានដុល្លារលើវិស័យយោធា ខណៈរុស្ស៉ីចាយអស់ ៦៥.៩ពាន់លានដុល្លារ៕