(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Anatoly Antonov បាននិយាយកាលពីថ្ងៃអាទិត្យ ២៤ មេសាថា ការងាររបស់ស្ថានទូតរុស្ស៊ីក្នុងទីក្រុងវ៉ាស៊ីនតោន «ត្រូវបានរារាំង» ដោយគណនីធនាគាររបស់ខ្លួនត្រូវបានគេបិទ ហើយបុគ្គលិកទទួលបានការគំរាមកំហែង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

លោក Antonov ត្រូវបានដកស្រង់សម្តីថា «ស្ថានទូតត្រូវបានរារាំងដោយអង្គភាពរដ្ឋាភិបាលសហរដ្ឋអាមេរិក។ គណនីធនាគាររបស់ស្ថានកុងស៊ុលរបស់យើង នៅទីក្រុង Houston និង New York ត្រូវបានបិទដោយធនាគារអាមេរិក។

លោកបានបន្ថែមថា «យើងទទួលបានការគំរាមកំហែងទាំងតាមទូរសព្ទ និងសំបុត្រមក...នៅពេលខ្លះសូម្បីច្រកចេញពីស្ថានទូត ក៏ត្រូវបានបិទដែរ»

គួរបញ្ជាក់ថា នៅមុនពេលមានប្រតិបត្តិការយោធាពិសេសរបស់រុស៊ីនៅអ៊ុយក្រែនទៅទៀត ដែលប្រទេសរុស្ស៉ី និងសហរដ្ឋអាមេរិកបានជាប់គាំងនៅក្នុងជម្លោះលើទំហំ និងមុខងាជាច្រើននៃបេសកកម្មការទូតរបស់ប្រទេសទាំងពីរ។

ចាប់តាំងពីពេលដែលរុស្ស៉ីបានឈ្លានពានអ៊ុយក្រែន ស្ថានទូតរុស្ស៊ីនៅអឺរ៉ុបបានរងសម្ពាធ ហើយបុគ្គលិករុស្ស៊ីជាង ៣០០នាក់ត្រូវបានបណ្តេញចេញពីរដ្ឋធានីអឺរ៉ុប ដែលជំរុញឱ្យទីក្រុងម៉ូស្គូបណ្តេញអ្នកការទូតបរទេសទាំងនោះចេញវិញ ជាការឆ្លើយតប៕