(កៀវ)៖ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅកាន់ទីក្រុងកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃអាទិត្យ នេះ (ម៉ោងក្នុងទីក្រុងកៀវ) ដែលនេះជាដំណើរទស្សនកិច្ចកំលុងពេលសង្រ្គាមជាលើកដំបូងពីសំណាក់មន្ត្រីកំពូលអាមេរិក ខណៈសង្រ្គាម របស់លោក ពូទីនបានឈានចូលខែទី៣ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin កើតមានឡើង នៅចំពេលកងទ័ពរុស្ស៉ីកំពុងបង្កើនការវាយលុកលើតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្នុងដំណាក់កាល២ នៃសង្រ្គាម។ ប៉ុន្តែ នៅពេលត្រូវបានទីភ្នាក់ងារសារព័ត៌មាន AFP សាកសួរពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដោយមន្ត្រីកំពូលអាមេរិកនៃរដ្ឋបាលលោក ចូ បៃដិន ទាំង២រូបនេះ ខាងក្រសួងការបរទេសអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ដែលជាអ្នកប្រកាសពីដំណើរទស្សនកិច្ចខាងលើ ក៏បានអំពាវនាវជាថ្មីផងដែរឱ្យមាន ការរៀបចំកិច្ចប្រជុំមួយរវាងលោក និងលោកប្រធានាធិបតីរុស្ស៉ី ពូទីន ដើម្បីបញ្ចប់សង្រ្គាម។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាអ្នកដែលចាប់ផ្ដើមសង្រ្គាមនេះ គឺជាអ្នកត្រូវបញ្ចប់វាទៅវិញ»

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី លោកផ្ទាល់មិនខ្លាចក្នុងការជួបចរចាជាមួយលោក ពូទីននោះទេ ប៉ុន្តែលោកនៅតែអះអាងថា ទីក្រុងកៀវនឹងបោះបង់កិច្ចចរចា ប្រសិនបើកងទ័ពអ៊ុយក្រែនក្នុងទីក្រុង Mariupol ត្រូវបានសម្លាប់៕