(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃសុក្រនេះបានឱ្យដឹងថា ចាប់ពីខែក្រោយទៅ ប្រទេសថៃនឹងលុបចោលការតម្រូវឱ្យ អ្នកដំណើរដែលចាក់វ៉ាក់សាំង COVID-19 រួចរាល់ នៅត្រូវឆ្លងកាត់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេលខ្លី ពេលទៅដល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

តាមរយៈគោលការណ៍ថ្មីខាងលើ ដែលនឹងត្រូវអនុវត្តចាប់ពីខែឧសភាតទៅ ជំនួសការតម្រូវឱ្យអ្នកដំណើរចាក់វ៉ាក់សាំងរួចរាល់ ពេលដែលទៅដល់ព្រលានយន្តហោះប្រទេសថៃ ត្រូវទទួលការធ្វើតេស្ត PCR ហើយត្រូវធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ ដើម្បីរង់ចាំលទ្ធផល គឺពួកគេត្រូវបានលើកទឹកចិត្ត ឱ្យធ្វើតេស្តរហ័សដោយខ្លួនឯងផ្ទាល់ កំលុងពេលស្នាក់នៅវិញ។

គួរបញ្ជាក់ថា កាលពីខែមីនាកន្លងទៅ ថៃទើបតែលុបចោល ការតម្រូវឱ្យអ្នកដំណើរត្រូវធ្វើតេស្តរក COVID-19 មុនជើងហោះហើររបស់ពួកគេ ទៅកាន់ប្រទេសថៃ៕