(តូក្យូ)៖ ជប៉ុន នៅថ្ងៃសុក្រនេះបានចាត់ទុកថាដែនកោះកំពុងមានជម្លោះចំនួន៤ ត្រូវបាន «គ្រប់គ្រងដោយខុសច្បាប់» ដោយរុស្ស៉ី ជាលើកដំបូង អស់រយៈពេលជិត ២ទសវត្សរ៍មកនេះ ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ កំពុងតានតឹងដោយសារសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ជប៉ុន និងរុស្ស៉ីមិនទាន់បានចុះសន្ធិសញ្ញាសន្តិភាពជាមួយនឹងគ្នានោះទេ ក្រោយសង្រ្គាមលោកលើកទី២បិទបញ្ចប់មក ខណៈបញ្ហាជម្លោះ ទឹកដី គួបផ្សំនឹងសង្រ្គាមនៅអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចចរចាស្វែងរកសន្តិភាពនេះ។ ក្នុងរបាយការណ៍គោលនយោបាយ ប្រចាំឆ្នាំកាលពីឆ្នាំ២០០៣ ក្រសួងការបរទេសជប៉ុន បានហៅទីប្រជុំកោះជម្លោះជាមួយរុស្ស៉ីថា «ដែនដីភាគខាងជើង» រីឯមូស្គូហៅថា ទីប្រជុំកោះគូរីល (Kurils)។

ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃសុក្រនេះ ក្រសួងការបទេសជប៉ុន បានចាត់ទុកថាទីប្រជុំកោះកំពុងមានជម្លោះនេះ ត្រូវបាន «គ្រប់គ្រងដោយខុសច្បាប់» ដោយរុស្ស៉ីជាលើកដំបូង អស់រយៈពេលជិត ២ទសវត្សរ៍មកនេះ។ សេចក្ដីថ្លែងការណ៍ដដែល បានបញ្ជាក់ដូច្នេះថា «បញ្ហាគួរឱ្យបារម្ភបំផុតរវាងជប៉ុន និងរុស្ស៉ី នោះគឺដែនដីភាគខាងជើង ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រង របស់រុស្ស៉ីដោយខុសច្បាប់»

គួរបញ្ជាក់ថា ក្រសួងការបរទេសជប៉ុន ក៏បានទទួលស្គាល់ដែរថាសង្រ្គាមនៅអ៊ុយក្រែន អាចនឹងធ្វើឱ្យរាំងស្ទះដល់កិច្ចចរចាសន្តិភាពជាមួយ រុស្ស៉ី បន្ទាប់ពីទីក្រុងមូស្គូ បានប្រកាសថានឹងដកខ្លួនចេញពីកិច្ចចរចានេះកាលពីថ្ងៃមីនាកន្លងទៅ ជាការឆ្លើយតបទៅនឹងជប៉ុនដែលចូលរួម ជាមួយលោកខាងលិច ក្នុងការថ្កោលទោស និងដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី៕