(ប៉េកាំង)៖ ចាប់ពីឆ្នាំ២០០១ មក ក្រោមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន វេទិកា Boao (BFA) ត្រូវបានបង្កើតឡើង សម្រាប់តំបន់អាស៊ី ដើម្បីផ្តល់ឱកាសបន្ថែមដល់ថ្នាក់ដឹកនាំប្រទេសនៅតំបន់អាស៊ី បានរួមគ្នាចាក់បញ្ចូលនូវធាតុចូលសម្រាប់កិច្ចអភិវឌ្ឍនិងសន្តិភាព ក្នុងតំបន់អាស៊ីនិយាយដោយឡែក ក្នុងពិភពលោកនិយាយរួម។ រយៈពេល២១ឆ្នាំ វេទិកា BFA បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសាងសង់ឡើងវិញ ការទទួលខុសត្រូវនិងកិច្ចសហប្រតិបត្តិរវាង បណ្តាប្រទេសទាំងអស់ក្នុងទ្វីបអាស៊ីតាមយន្តការពហុភាគី នៅក្នុងបរិបទដែលពិភពលោកសព្វថ្ងៃ កំពុងឆ្លងកាត់ការផ្លាស់ប្តូរស៊ីជម្រៅនិងស្មុគស្មាញ ហើយជាពិសេសនៅក្នុងពេលដែលពិភពលោកទាំងមូល មិនទាន់មានសន្តិភាពឱ្យគ្រប់គ្រាន់។ យើងទាំងអស់គ្នាបានដឹងហើយថា អាស៊ីគឺជាតំបន់មួយក្នុងចំណោមតំបន់ ដែលពោរពេញដោយសក្តានុពល ក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចពិភពលោក និងការអភិវឌ្ឍតាមរយៈយន្តការ នៃការកាត់បន្ថយភាពក្រីក្រ ដែលប្រទេសចិនបានក្លាយជាគំរូដ៏ល្អមួយ នៃការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍនេះ។ ក្នុងន័យនេះ វេទិកា BFA ពិតជាយន្តការចាំបាច់និងត្រឹមត្រូវ ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍក្នុងតំបន់។ បន្ថែមលើមាតិកានៃវេទិកាBFA យុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ ដែលបានផ្តួចផ្តើមដោយប្រទេសចិន កាលពីឆ្នាំ២០១៣ បានចូលរួមបង្កើនល្បឿនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីជាពិសេស។ សន្និសីទប្រចាំឆ្នាំ២០២២នៃវេទិកា Boao សម្រាប់អាស៊ីបានរៀបចំពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមេសានៅឃុំ Boao ខេត្តHainan។ ការងារធានាសេវាកម្មរបស់សន្និសីទប្រចាំ ២០២២ វេទិកាលើកនេះបង្ហាញពីលក្ខណៈ «ការរៀបចំសន្និសីទបែបបៃតង» និងអនុវត្តវិធានការមួយចំនួន លើកវិស័យចរាចរណ៍បៃតង ភាពវិលជុំបៃតងនិងគំនិតផ្តួចផ្តើមបៃតងជាដើម ដើម្បីបន្ថែមធាតុបៃតងទៅក្នុងសន្និសីទប្រចាំឆ្នាំនៃវេទិកានេះ។

វេទិកា BFA បាននិងកំពុងបន្ថែមពន្លឺរស្មីដ៏ត្រចះត្រចង់នៃទ្វីបអាស៊ី តាមរយៈកំណើនសេដ្ឋកិច្ចដ៏សម្បើនរបស់ប្រទេសចិន ដែលជាពិសេសគឺយន្តការនៃការកាត់បន្ថយភាពក្រីក្រ ដល់ប្រជាជនចិនដោយឡែក ដល់ប្រជាជននៅក្នុងទ្វីបអាស៊ីនិយាយរួម គឺកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍដ៏លឿនរបស់ចិន បានជួយចូលរួមបង្កើនល្បឿនសេដ្ឋកិច្ចដល់បណ្តាប្រទេសទាំងអស់នៅអាស៊ី។ ដូចដែលយើងបានដឹងហើយថា ប្រទេសចិន គឺជាសមាជិកសំខាន់មួយនៃតំបន់អាស៊ី និងពិភពលោក។ ប្រទេសចិនមិនអាចអភិវឌ្ឍខ្លួនឯងនៅដាច់ឆ្ងាយពី អាស៊ីនិងពិភពលោកបានឡើយ ហើយពិភពលោកវិញក៏ដូចគ្នាដែរ នឹងមិនទទួលបានវិបុលភាពនិងស្ថិរភាព ដោយខ្វះវត្តមាននៃការចូលរួមយ៉ាងសកម្មរបស់ប្រទេសចិនបានឡើយ។ លើសពីនេះ សុភាសិតចិនមួយបានលើកឡើងថា «អ្នកជិតខាងតែងប្រាថ្នានូវសេចក្តីល្អឱ្យគ្នាទៅវិញទៅមក ដូចអ្នកដែលស្មោះស្ម័គ្រនឹងគ្នា ផ្តល់នូវសេចក្តីល្អឱ្យគ្នាទៅវិញទៅមកនោះដែរ» ដែលនេះបានអនុវត្តជាសកម្មភាពជាក់ស្តែង នៃនយោបាយរបស់ប្រទេសចិន ដែលតែងប្រកាន់ខ្ជាប់ក្នុងនាមជាដៃគូល្អ មិត្តភក្តិល្អ បងប្អូនល្អ និងអ្នកជិតខាងល្អជាមួយបណ្តាប្រទេសទាំងអស់ នៅក្នុងពិភពលោកនិយាយរួម ជាមួយបណ្តាប្រទេសនៅក្នុងទ្វីបអាស៊ីនិយាយជាពិសេស ព្រោះប្រទេសចិនចង់សម្រេចបានវឌ្ឍនភាពដែលគោលបំណងធំបំផុត គឺចង់ឱ្យប្រជាជនចិនមានជីវភាពសម្បូរធូរធា ការប្រកាន់ខ្ជាប់នូវទស្សនៈអភិវឌ្ឍន៍ដែលចាត់ទុកប្រជាជនជាស្នូល ជួយប្រជាជនសម្រេចសុបិនដែលមានជីវភាពល្អបវរ នោះជាគោលដៅតូស៊ូមិនអាចប្រែប្រួលបានរបស់បក្សកុម្មុនិស្តចិន បានដាក់ចេញនូវគោលដៅ២សម្រាប់ រយៈពេល១សតវត្សរ៍នៃការដឹកនាំប្រទេសចិន។ ប្រទេសចិននឹងដាក់ការជំរុញប្រជាជនទូទាំងប្រទេស ឱ្យមានជីវភាពសម្បូរធូរធាររួមគ្នានៅកន្លែងកាន់តែសំខាន់ ក្នុងការអភិវឌ្ឍនាពេលអនាគត ដើម្បីរក្សាការពារផលប្រយោជន៍ និងបង្កើនសុភមង្គលរបស់ប្រជាជនឱ្យកាន់តែល្អ។ ការដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី ជាជម្រើសយុទ្ធសាស្រ្តរបស់ប្រទេសចិន ដោយមិនងាករេ មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក៏ដោយ មិនថាខ្លួនរីកចម្រើនដល់កម្រិតណាក៏ដោយ ប្រទេសចិននឹងនៅតែបន្តធ្វើជាអ្នកកសាងសន្តិភាពជូនពិភពលោក អ្នកចូលរួមរួមចំណែកវឌ្ឍនភាពជូនពិភពលោក និងអ្នកការពាររបៀបរៀបរយអន្តរជាតិជារៀងរហូត។ វឌ្ឍនភាពរបស់ប្រទេសចិន ជាកាលានុវត្តភាពរបស់ពិភពលោក។ សេដ្ឋកិច្ចចិនកើនឡើងប្រកបដោយចីរភាព និងគុណភាពខ្ពស់ វាជាកត្តារក្សាស្ថិរភាពនិងក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិននៅយុគសម័យថ្មី នឹងបន្តត្រួសត្រាយឱកាសថ្មីសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ផ្តល់ឆាកថ្មីសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ រួមវិភាគទានថ្មីសម្រាប់ការបង្កើនសុភមង្គលជូនដល់មនុស្សជាតិ។

ក្នុងបរិបទដែលប្រព័ន្ធពាណិជ្ជកម្មសកលកំពុងប្រឈមមុខនឹងឧបសគ្គកាន់តែច្រើនឡើងៗនោះ គឺទ្វីបអាស៊ីនៅតែបង្ហាញឱ្យឃើញ សក្ដានុភាពសេដ្ឋកិច្ចជាច្រើន ហើយត្រូវបានរំពឹងទុកថា នឹងក្លាយទៅជាតំបន់សហប្រតិបត្តិការធំបំផុតលើពិភពលោក។ វេទិកាBFA បានលើកទឹកចិត្តដល់ប្រទេសចិននិងបណ្តាប្រទេសទាំងអស់នៅអាស៊ី បានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការពហុភាគី និងលើកកម្ពស់ការកែទម្រង់ប្រព័ន្ធអន្តរជាតិ និងអភិបាលកិច្ចជាសកលដើម្បីឲ្យវេទិកា BFA មានតំណាងកាន់តែច្រើន និងសម្លេងធំជាងមុន។ វេទិកា BFA បានបង្កើននូវកិច្ចសហប្រតិបត្តិការតម្រង់ទិស លទ្ធផលអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ខិតខំប្រឹងប្រែងដើម្បីពង្រីកផលប្រយោជន៍របស់គ្រប់ភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ តាមរយៈកិច្ចសហប្រតិបត្តិការដែលផ្អែកលើលទ្ធផល ដូចប្រសាសន៍របស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់បានពោលថា «ផ្កាមួយទងមិនអាចបង្កើតរដូវផ្ការីកបានទេ ប៉ុន្តែផ្កាចំនួនមួយរយទងដែលរីកយ៉ាងស្រស់ស្អាត នឹងបង្កើតបានជារដូវផ្ការីកសម្រាប់សួនច្បារនោះ។ គ្រប់ប្រទេសទាំងអស់ត្រូវបានភ្ជាប់ និងចែករំលែកយ៉ាងជិតស្និទ្ធនូវផលប្រយោជន៍រួម»។ ជារួមវេទិកាBFAពិតជាមានសារៈសំខាន់ណាស់ ហើយបានប្រមូលផ្តុំនូវទស្សនវិជ្ជាដឹកនាំប្រកបដោយសន្តិភាព ពីប្រមុខដឹកនាំកំពូលរបស់បណ្តាប្រទេសនានានៅក្នុងទ្វីបអាស៊ី ដែលជាពិសេសមានប្រទេសចិនជាស្នូល និងជាអ្នកផ្តួចផ្តើម។ ការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ គឺជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំងរបស់វេទិកា BFA ហើយវាទាមទារឲ្យមាននូវកិច្ចខិតខំប្រឹងប្រែងពី បណ្តាប្រទេសទាំងអស់នៅក្នុងវេទិកាដោយប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយបណ្តាប្រទេសទាំងអស់ ក៏ដូចជាអង្គការ និងទីភ្នាក់ងារអន្តរជាតិនានា ដើម្បីជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួម នៃមនុស្សជាតិទាំងមូលតាមរយៈវេទិកា BFA នេះ ស្របនឹងប្រសាសន៍របស់លោកXi Jinpingប្រធានរដ្ឋចិន កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា «ប្រវត្តិសាស្ត្ររបស់មនុស្សជាតិបានប្រាប់យើងថា ពេលវេលាកាន់តែលំបាក យើងកាន់តែត្រូវពង្រឹងជំនឿចិត្ត។ ប្រទេសនានាត្រូវពួតដៃគ្នាឆ្លើយតបបញ្ហាប្រឈម និងសហប្រតិបត្តិការកសាងអនាគត។ សន្តិសុខបុរេជាលក្ខខណ្ឌនៃការអភិវឌ្ឍ មនុស្សជាតិជាសហគមន៍សន្តិសុខរួម ដែលមិនអាចកាត់ផ្ដាច់បាន។ គំនិតសង្គ្រាមត្រជាក់មានតែបំផ្លាញក្របខណ្ឌសន្តិភាពទូទាំងពិភពលោក អនុត្តរភាពនិយមនិងនយោបាយកម្លាំងបាយ មានតែបំផ្លាញដល់សន្តិភាពពិភពលោក បដិបក្ខជាក្រុមមានតែធ្វើឱ្យបញ្ហាប្រឈមសន្តិសុខ នៅសតវត្សរ៍ទី២១ កាន់តែខ្លាំងឡើង។ប្រទេសនានាលើកពិភពលោកបានជិះក្នុងនាវាធំមួយនិងរួមវាសនាតែមួយ ប្រសិនបើចង់ឆ្លងកាត់សមុទ្រដែលមានព្យុះរលកបោកបក់ ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ»

(ដោយលោកបណ្ឌិត ជា មុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន)