(ប៉េកាំង)៖ នៅថ្ងៃទី ២១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាអាស៊ីនៅ Boao ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះដោយបានលើកឡើងនូវ «គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល» ដែលទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយ ពីសំណាក់សហគមន៍អន្តរជាតិ។
គំនិតផ្តួចផ្តើមនេះបានក្លាយជាផលិតផលសាធារណៈអន្តរជាតិមួយទៀតរបស់ប្រទេសចិន ក្នុងន័យរួមចំណែកពុទ្ធិចិនសម្រាប់ឱ្យ មនុស្សជាតិឆ្លើយតបនឹងបម្រែបម្រួលនៃពិភពលោក យុគសម័យនិងប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មានកាលពីមុន វាគឺជាតម្រូវការរបស់អាស៊ី ក៏ដូចជាពិភពលោកផងដែរ។

បើរំលឹកឡើងវិញពីសុន្ទរកថាគន្លឹះចំនួន៥ លើករបស់លោក Xi Jinping ប្រធានរដ្ឋចិន ក្នុងវេទិកាអាស៊ីនៅ Boao ចាប់តាំងពីឆ្នាំ ២០១៣មក «សន្តិសុខ» គឺជាពាក្យគន្លឹះជាប់រហូតមក។ ក្នុងអំឡុងពេលរៀបចំធ្វើវេទិកាអាស៊ីនៅ Boao ឆ្នាំនេះ បញ្ហាសន្តិសុខមានភាពកាន់តែលេចធ្លោ។

ពីការវាតទីទៅខាងកើតជាបន្តបន្ទាប់របស់អង្គការណាតូ ដែលបណ្តាលឱ្យផ្ទុះវិបត្តិអ៊ុយក្រែនដល់ ការដែលសហរដ្ឋអាមេរិកគប់គិតគ្នានៅទូទាំងពិភពលោក ក្នុងន័យញុះញង់បង្កភាពបដិបក្ខគ្នា និយាយចំពោះពិភពលោកទាំងមូល សន្តិភាពកាន់តែមានភាពផុយស្រួយនិងមានតម្លៃមិនអាចកាត់ថ្លៃបាន។

សូមបញ្ជាក់ថា ក្នុងគ្រាដ៏គន្លឹះនេះ «គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល» ដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនបានផ្តល់នូវផែនការ សម្រាប់ដោះស្រាយវិបត្តិដែលភាគីនានាត្រូវការជាបន្ទាន់។ ប្រការនេះបានបង្ហាញឱ្យឃើញ នូវពហុភាគីនិយមដ៏ពិតប្រាកដ ក្នុងន័យខិតខំប្រឹងប្រែងជំរុញការរួមសុខរួមទុក្ខនៅទូទាំងពិភពលោក ក៏ដូចជាបានផ្តល់ការធានាសម្រាប់ សម្រេចបាននូវការងើបឡើងវិញ នៃសេដ្ឋកិច្ចសកលបន្ទាប់ពីបញ្ចប់ជំងឺកូវីដ១៩។

និយាយចំពោះតំបន់អាស៊ី គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកលនេះមានសារៈសំខាន់ណាស់។ ប្រជាជនទ្វីបអាស៊ីបានដឹងច្បាស់ថា គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍទាល់តែសោះ។ យ៉ាងណាមិញ សន្តិភាពនិងស្ថិរភាពមិនមែនមកពី ការផ្តល់ជំនួយនិងការប្រទានពីប្រទេសណាមួយនោះទេ តែគឺមកពីកិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសក្នុងតំបន់។ គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល ដែលលើកឡើងដោយប្រទេសចិន នឹងជំរុញឱ្យប្រទេសអាស៊ីគាំពារសន្តិភាព ពង្រឹងកិច្ចសហប្រតិបត្តិការនិងបង្កើនសាមគ្គីភាពឱ្យបានកាន់តែល្អ ក៏ដូចជាធានាឱ្យជោគវាសនា ត្រូវក្តាប់ជាប់ក្នុងកណ្តាប់ដៃរបស់ខ្លួនផងដែរ។

យោងតាមរបាយការណ៍ចុងក្រោយបំផុត ដែលចេញផ្សាយដោយកិច្ចប្រជុំប្រចាំឆ្នាំ២០២២ នៃវេទិកាអាស៊ីនៅ Boao បានបង្ហាញថា តាមការប៉ាន់ប្រមាណ អត្រាកំណើនសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ២០២២ នឹងកើនឡើង ៤.៨ ភាគរយ។ នាឆ្នាំ២០២១ សេដ្ឋកិច្ចសកលសម្រេចបាន នូវការងើបឡើងវិញជាសន្សឹមៗ ទោះជាប្រឈមនឹងការវាយប្រហារពីជំងឺឆ្លងក្តី តែដំណើរសមាហរណកម្មសេដ្ឋកិច្ចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏មិនបានស្ថិតក្នុងភាពជាប់គាំងដែរ។ មិនថា ការងើបឡើងវិញនៃសេដ្ឋកិច្ចឬមួយក៏កិច្ចកសាងប្រព័ន្ធរបប តំបន់អាស៊ីប៉ាស៊ីហ្វិកសុទ្ធតែបានផ្តល់កម្លាំងចលករថ្មី ដល់ទូទាំងពិភពលោក។

គួរបញ្ជាក់ដែរថា ប្រទេសនានាលើពិភពលោកហាក់ដូចជា កំពុងធ្វើដំណើរនៅនាវាយក្សមួយគ្រឿង ដែលមានជោគវាសនារួម ប្រសិនបើចង់បរកាត់ទន្លេដែលមានរលកធំៗ និងធ្វើដំណើរឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង នោះចាំបាច់ត្រូវរួមសុខរួមទុក្ខជាមួយគ្នា រាល់ការប៉ុនប៉ងទុកឱ្យប្រទេសណាមួយនៅក្រៅជួរ គឺមិនអាចទទួលយកបានទេ។ នៅពេលអនាគត ប្រទេសចិននឹងបន្តរ៉ាប់រងទំនួលខុសត្រូវ និងគាំពារសន្តិសុខជាមួយប្រទេសអាស៊ី ក្នុងន័យកសាងទ្វីបអាស៊ីឱ្យក្លាយទៅជា «ម៉ាស៊ីនលំនឹងនៃសន្តិភាព ប្រភពកម្លាំងចលករនៃកំណើននិងតំបន់ពិសេសថ្មី នៃកិច្ចសហប្រតិបត្តិការរបស់ពិភពលោក»