(ញូវដែលី)៖ អង់គ្លេស សន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយឥណ្ឌា ដូចជាការផ្តល់ជំនួយដើម្បីជួយទីក្រុង ញូវដែលី ក្នុងការផលិតយន្តហោះចម្បាំងផ្ទាល់ខ្លួន ហើយនឹងផ្គត់ផ្គង់បរិក្ខារយោធាឱ្យបានឆាប់រហ័ស ខណៈបណ្ដាប្រទេសលោកខាងលិច កំពុងព្យាយាមអូសទាញឥណ្ឌាឲ្យចេញឆ្ងាយពីរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ការប្រកាសនេះត្រូវបានធ្វើឡើង នៅក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន (Boris Johnson) និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្តីឥណ្ឌា ដែលជាដំណើរទស្សកិច្ចលើកដំបូងទៅកាន់ទីក្រុងញូវដែលីរបស់លោក ចនសុន ក្នុងគោលបំណងស្វែងរកមធ្យោបាយក្នុងការជំរុញទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងសន្តិសុខ ស្របពេលប្រទេសនៅអាស៊ីខាងត្បូង មួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលសព្វាវុធពីរុស្ស៉ី។

បើតាមលោក ចនសុន, អង់គ្លេសរំពឹងថាការផ្តល់ទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយប្រទេសលោកខាងលិច នឹងជំរុញទឹកចិត្តឲ្យ ឥណ្ឌាងាកចេញឆ្ងាយពីរុស្ស៉ី ខណៈទីក្រុងមូស្គូ នៅតែបន្តបើកការវាយប្រហារលើអ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកកាលពីខែមុន ព្យាយាមធ្វើឲ្យឥណ្ឌា ងាកចេញពីការធ្វើទំនាក់ទំនង ជាមួយរុស្ស៉ី ដោយជំនួសមកវិញនូវការយល់ព្រមលក់បិរក្ខារយោធា និងថាមពលរបស់ខ្លួន ទៅឲ្យប្រទេសឥណ្ឌា៕