(វ៉ាស៉ីនតោន)៖ រដ្ឋមន្ត្រីរតនាគារអាមេរិក លោកស្រី យ៉ានេត យ៉េលលេន (Janet Yellen) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយទឹកប្រាក់ចំនួន ៥០០លានដុល្លារបន្ថែមទៀត ដល់អ៊ុយក្រែន ដើម្បីជួយដល់រដ្ឋាភិបាលរបស់ប្រទេសនេះ អាចបន្តប្រតិបត្តិការសំខាន់ៗ ក្នុងការស្ដារប្រទេសឡើងវិញ។ ជំនួយនេះបន្ថែមពីលើទ្វេដងនូវ កិច្ចសន្យាផ្តល់ជំនួយទឹកប្រាក់ចំនួន ៥០០លានដុល្លារអាមេរិករបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន Joe Biden កាលពីខែមីនាកន្លងទៅនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោកស្រី Yellen បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកស្រីបានចែករំលែកផែនការផ្ដល់ជំនួយ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក ដេនីសស៍ ស្ម៉ីហាល់ (Denys Shmyhal) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោកស្រីបានគូសបញ្ជាក់ថា «តម្រូវការរបស់អ៊ុយក្រែន គឺជារឿងបន្ទាន់ ហើយយើងគ្រោងនឹងបញ្ចេញជំនួយនេះដោយផ្ទាល់ ទៅកាន់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងដឹងថា នេះគ្រាន់តែជាការចាប់ផ្តើមនូវអ្វីដែលអ៊ុយក្រែននឹងត្រូវការ ដើម្បីស្ដារប្រទេសឡើងវិញប៉ុណ្ណោះ ហើយខ្ញុំប្តេជ្ញាធ្វើការជាមួយសភា និងសម្ព័ន្ធមិត្ត និងដៃគូអន្តរជាតិរបស់យើង ដើម្បីផ្ដល់ជំនួយនេះក្នុងរយៈពេលមធ្យម និងវែង»

គួរបញ្ជាក់ថា ជំនួយថ្មីនេះ នឹងជួយអ៊ុយក្រែនក្នុងការផ្តល់ប្រាក់បៀវត្សរ៍ ប្រាក់សោធននិវត្តន៍ និងមូលនិធិកម្មវិធីសង្គមចាំបាច់ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ ដែលកាន់តែអាក្រក់ឡើង ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសជិតខាងភាគនិរតីរបស់ខ្លួន៕