(វ៉ាស៉ីនតោន)៖ ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ប៉ាស់ (David Malpass) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រាប់ថា ការខូចខាតចំពោះសំណង់អគារ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលមកពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី គឺបានកើនដល់ប្រហែល៦០ពាន់លានដុល្លារ គិតត្រឹមពេលនេះ ហើយវានឹងកើនឡើងថែមទៀត ខណៈសង្រ្គាមនៅតែបន្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

លោក Malpass បានឱ្យដឹងដូចខាងលើ កំលុងសន្និសីទមួយរបស់ធនាគារពិភពលោកស្តីពី តម្រូវការជំនួយផ្នែកហិរញ្ញវត្ថុរបស់អ៊ុយក្រែន ហើយលោកបានគូសបញ្ជាក់ថា ការប៉ាន់ស្មានជាបឋមនេះ គឺមិនទាន់រាប់បញ្ចូលនូវទំហំសេដ្ឋកិច្ចរបស់អ៊ុយក្រែន ដែលកំពុងទទួលរង ការខាតបង់កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារសង្រ្គាមឡើយ។ បើតាមលោក Malpass ខណៈសង្រ្គាមនៅតែបន្ត ការខាតបង់ទាំងនេះ នឹងបន្តកើនឡើងដូចគ្នា។

គួរបញ្ជាក់ថា តាមរយៈការថ្លែងសារតាមវីដេអូ ទៅកាន់សន្និសីទខាងលើ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងថា ប្រទេសរបស់លោក ត្រូវការជំនួយរហូតដល់ ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីស្តារការខាតបង់សេដ្ឋកិច្ច ដែលបង្កឡើង ដោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន។

ចំណែកនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស៊្មីហាល់ (Denys Shmyhal) ដែលបានចូលរួមសន្និសីទរបស់ធនាគារពិភពលោក ដោយផ្ទាល់ បាននិយាយថា GDP របស់អ៊ុយក្រែន អាចនឹងថយចុះក្នុងអត្រា៣០-៥០ភាគរយ ជាមួយការខាតបង់ដោយផ្ទាល់និង ប្រយោលសរុបចំនួន ៥៦០ពាន់លានដុល្លារ គិតត្រឹមពេលនេះ ខណៈវាគឺ៣ដងធំជាង ទំហំសេដ្ឋកិច្ចរបស់អ៊ុយក្រែន ដែលស្មើនឹង១៥៥.៥ពាន់លានដុល្លារ កាលពីឆ្នាំ២០២០ យោងតាមទិន្នន័យរបស់ធនាគារពិភពលោក៕