(ស៊ីដនី)៖ មន្រ្តីជាន់ខ្ពស់នៃសេតវិមាន លោក ឃឺត ខេមបែល (Kurt Campbell) នឹងទៅដល់កោះសូឡូម៉ុន (Solomon) នៅថ្ងៃសុក្រនេះ ខណៈដែលការព្រួយបារម្ភរបស់លោកខាងលិចកាន់តែកើនឡើង ជុំវិញកិច្ចព្រមព្រៀងសន្តិសុខ ដែលប្រទេសដីកោះមួយនេះ ទើបតែបានចុះហត្ថលេខាជាមួយចិន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការរបស់ស្ថានទូតអាមេរិក ដំណើរទស្សកិច្ចរបស់លោក Campbell នៅឯកោះសូឡូម៉ុន ក៏នឹងពិភាក្សា អំពីគម្រោងបើស្ថានទូតរបស់ខ្លួន ប្រចាំទីក្រុង Honiara ផងដងដែរ។ ដោយឡែក ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង ព័រ ម៉ូរេសប៊ី (Port Moresby) នៃប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ បានឲ្យដឹងថា គណៈប្រតិភូរបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយអ្នកសម្របសម្រួលកិច្ចការឥណ្ឌូប៉ាស៊ីហ្វិករូបនេះ បានពិភាក្សាអំពីកិច្ចព្រមព្រៀងសូឡូម៉ុន-ចិន ជាមួយប្រទេសជិតខាងរបស់សូឡូម៉ុន ដែលរួមមាន ហ្វីជី (Fiji) និង ប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) រយៈពេលពីរថ្ងៃកន្លងមកនេះ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយសូឡូម៉ុន នឹងក្លាយផ្លូវដ៏សំខាន់មួយសម្រាប់ប្រទេសចិន នៅតំបន់ប៉ាស៊ីហ្វិក ដោយវាត្រូវគេមើលឃើញថា នឹងបង្កើនលទ្ធភាពនៃវត្តមានយោធាចិន ដែលស្ថិតនៅចម្ងាយមិនឆ្ងាយប៉ុន្មានឡើយ ពីព្រំដែនរបស់អូស្រ្តាលី។ ថ្វីត្បិតតែមានការជំទាស់ ពីទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត មិនឲ្យចុះកិច្ចព្រមព្រៀងនេះក៏ដោយ តែចិន និងសូឡូម៉ុន បានប្រកាសនៅសប្តាហ៍នេះថា ពួកគេបានចុះហត្ថលេខារួចហើយ ខណៈដែលលោកនាយករដ្ឋមន្រ្តី ម៉ាណាស់សេហ៍ សូហ្កាវ៉ា (Manasseh Sogavare) បានប្រាប់សភាថា កិច្ចព្រមព្រៀងនេះ មិនធ្វើឲ្យខូចដល់សន្តិភាពនិងសន្តិសុខក្នុងតំបន់នោះទេ៕