(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងថាខ្លួននឹងបើកកិច្ចប្រជុំជាមួយបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត នៅក្នុងប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ដើម្បីពិភាក្សាគា្នពីការផ្ដល់ជំនួយយោធាចាំបាច់នានាដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) បានបញ្ជាក់ថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំខាងលើ នៅឯមូលដ្ឋានទ័ពអាកាស អាមេរិកក្នុងប្រទេសអាល្លឺម៉ង់។ ចំណែកឯ ប្រធានបទសំខាន់ៗនឹងត្រូវផ្ដោតលើការវាយតម្លៃពីសមរភូមិសង្រ្គាមក្នុងតំបន់ដុនបាស់ និងការផ្ដល់ ជំនួយយោធាបន្ថែមឱ្យអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមលោក John Kirby, គិតចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៉ីវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈមក សហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ៣.៤ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយក៏បានសន្យាបន្តផ្ដល់ជំនួយបន្ថែមទៀត ផងដែរ៕