(តៃប៉ិ)៖ តៃវ៉ាន់បានអះអាងថា ខ្លួនកំពុងអភិវឌ្ឍមីស៉ីលដែលអាចវាយប្រហារ លើមូលដ្ឋានទ័ពអាកាសរបស់សត្រូវ និងបាញ់ទម្លាក់មីស៉ីលគ្រូស រួមជាមួយយន្តហោះដ្រូន ដែលអាចវាយប្រហារលើ ទីតាំងដែលមីស៉ីលទាំងនោះបាញ់ចេញមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២។

ក្នុងរបាយការណ៍ផ្ញើទៅកាន់ សភាតៃវ៉ាន់ក្នុងសប្តាហ៍នេះ ក្រុមហ៊ុនស្រាវជ្រាវនិងអភិវឌ្ឍសព្វាវុធ ជុងសាន (Chung-Shan) ដែលគ្រប់គ្រងដោយយោធាតៃវ៉ាន់ បានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពី អ្វីដែលមីស៉ីលនិងដ្រូនដែលខ្លួនកំពុងអភិវឌ្ឍ អាចធ្វើបាននៅក្នុងសង្រ្គាម។

មីស៉ីលសម្រាប់វាយប្រហារលើដីគោក ហៅថា ស៊ុងសេង (Hsiung Sheng) ដែលក្រុមអ្នកជំនាញអះអាងថា អាចមានរយៈចម្ងាយវាយប្រហាររហូតដល់ ១,០០០គីឡូម៉ែត្រ គឺមាន២ប្រភេទ ក្នុងនោះ១ប្រភេទ បំពាក់ក្បាលគ្រាប់ដែលមានកម្លាំងផ្ទុះខ្លាំង សម្រាប់វាយប្រហារលើលេណដ្ឋាន ឬទីបញ្ជាការដែលមានភាពរឹងមាំ ខណៈ១ប្រភេទទៀត សម្រាប់វាយប្រហារលើមូលដ្ឋានទ័ពអាកាស។

រីឯ មីស៉ីលប្រភេទបាញ់ចេញពីដីគោកសំដៅទៅផ្ទៃអាកាស ហៅថា ស្កាយ បូ ស៊្រី (Sky Bow III) វិញ គឺត្រូវបានរចនាឡើង ដើម្បីបាញ់ស្កាត់គ្រាប់មីស៉ីលផ្លោង និងមីស៉ីលគ្រូស ព្រមទាំងយន្តហោះចម្បាំង។ ចំណែក យន្តហោះដ្រូន ដែលក្រុមហ៊ុន Hsiung Sheng កំពុងអភិវឌ្ឍ គឺពួកវាអាចវាយប្រហារលើ កន្លែងបាញ់មីស៉ីលរបស់សត្រូវ ឬប្រើជាគ្រឿងបញ្ឆោត ដើម្បីជួយដល់ការកំណត់ទីតាំងប្រព័ន្ធរ៉ាដារបស់សត្រូវបាន។

គួរបញ្ជាក់ថា កាលពីឆ្នាំទៅ តៃវ៉ាន់បានអនុម័តកញ្ចក់ថវិកាការពារជាតិបន្ថែមចំនួន ៨.២០ពាន់លានដុល្លារ សម្រាប់រយៈពេល៥ឆ្នាំ ខាងមុខ នៅចំពោះមុខភាពតានតឹងជាមួយទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ត្រឹមជាខេត្តមួយប៉ុណ្ណោះរបស់ប្រទេសចិន៕