(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថាយោធាអ៊ុយក្រែនទទួលបាន យន្ដហោះចម្បាំងបន្ថែម រួមទាំងបរិក្ខារជាច្រើនសម្រាប់ជួសជុលយន្ដហោះចម្បាំងដែលខូចខាត យកមកប្រើប្រាស់ឡើងវិញ។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ចន ឃឺប៊ី (John Kirby) មិនបានបញ្ជាក់លម្អិតថាតើមាន ប្រទេសណាខ្លះដែលផ្ដល់យន្ដហោះចម្បាំងឱ្យអ៊ុយក្រែននោះទេ គ្រាន់តែទទួលស្គាល់ពីការប្រគល់ ហើយថាអ៊ុយក្រែនមានយន្ដហោះ ចម្បាំងដែលអាចធ្វើប្រតិបត្តិការបាន ច្រើនជាងយន្ដហោះចម្បាំងដែលខ្លួនមាន បើធៀបទៅនឹងកាលពីជាង ២សប្ដាហ៍មុន។

លោក ចន ឃឺប៊ី បានបញ្ជាក់ដូច្នេះថា «ពួកគេទទួលបានយន្ដហោះចម្បាំងបន្ថែម និងបរិក្ខារយន្ដហោះចម្បាំង ដើម្បីឱ្យពួកគេ មានយន្ដហោះចម្បាំងបន្ថែមយកទៅប្រើប្រាស់»។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកនាំពាក្យមន្ទីរបញ្ចកោណរូបបានអះអាងថាវ៉ាស៊ីនតោន មិនបានផ្ដល់យន្ដហោះចម្បាំងណាមួយឱ្យអ៊ុយក្រែនទេ។

គួរបញ្ជាក់ថា សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាបានចូលដល់ដំណាក់ទី២ហើយ ដោយកងទ័ពរុស្ស៉ីកំពុង បើកការវាយលុកជាថ្មីលើតំបន់ដុនបាស់ នៃភាគខាងកើតប្រទេសអ៊ុយក្រែន៕