(ហូនីយ៉ារ៉ា)៖ ចំពេលដែលមានប្រតិកម្មពីសំណាក់សហរដ្ឋអាមេរិក, អូស្រ្តាលី និង នូវែលហ្សេឡង់ សភារបស់ប្រទេសសូឡូម៉ុន (Solomon) នៅថ្ងៃអង្គារនេះ បានប្រកាសថា ចិននឹងបញ្ជូនមន្រ្តីរបស់ខ្លួន មកចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ នាខែក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ប្រធានគណៈកម្មាធិការគណនេយ្យសាធារណៈនៃសភាសូឡូម៉ុន លោក ឌូកឡាស អេត (Douglas Ete) បានអះអាងថា ក្រុមមន្រ្តីនៃក្រសួងការបរទេសចិន នឹងមកដល់ប្រទេសដីកោះនេះ នាពាក់កណ្តាលខែឧសភា ខាងមុខ ដើម្បីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងពហុភាគី និងកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋាភិបាលសូឡូម៉ុន។ លោក Ete បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងជួយបង្កើនកិច្ចសហប្រតិបត្តិការ វិស័យពាណិជ្ជកម្ម, អប់រំ និងជលផល រវាងប្រទេសទាំងពីរ ហើយលោកបានច្រានចោល ការលើកឡើង ដែលថាកិច្ចព្រមព្រៀងនេះធ្វើឡើង ដើម្បីបង្កើតមូលដ្ឋានយោធាចិននៅក្នុងទឹកដីសូឡូម៉ុន។

គួរបញ្ជាក់ថា ការប្រកាសនេះកើតមានឡើង ស្របពេលសហរដ្ឋអាមេរិក កំពុងត្រៀមបញ្ជូនមន្រ្តីជាន់ខ្ពស់ជាច្រើនរូបរបស់ខ្លួន ទៅកាន់ប្រទេសសូឡូម៉ុន ក្នុងសប្តាហ៍នេះ ខណៈអូស្រ្តាលី ដែលជាសម្ព័ន្ធមិត្តអាមេរិក ក៏បានបញ្ជូនមន្រ្តីខ្លួនទៅរួចហើយផងដែរ ខណៈមន្រ្តីអូស្រ្តាលីបានស្នើមិនឲ្យមាន ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន ទោះបីជាកន្លងទៅ នាយករដ្ឋមន្រ្តី សូឡូម៉ុន លោក ម៉ាណាស់សេហ៍ សូហ្កាវ៉ា (Manasseh Sogavare) ធ្លាប់ប្រាប់សភាសូឡូម៉ុនថា កិច្ចព្រមព្រៀងសន្តិសុខ ដែលបានស្នើឡើង គឺមិនមានរួមបញ្ចូល ការបង្កើតមូលដ្ឋានយោធាចិន លើទឹកដីសូឡូម៉ុនក៏ដោយ៕