(យូអិន)៖ ប្រទេសលិចតិនស្តាញ (Liechtenstein) នឹងកោះប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះដើម្បីពិភាក្សាលើ សេចក្ដីព្រាងដំណោះស្រាយមួយដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន ក្នុងការតម្រូវឲ្យសមាជិកអចិន្រ្តៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួនបានត្រឹមត្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសាព័ត៌មាន AFP នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

ពិតមែនទៅ សេចក្ដីព្រាងដំណោះស្រាយខាងលើ គឺមានតាំងតែពីយូរណាស់មកហើយ តែវាត្រូវបានលើកយកមកពិភាក្សាឡើងវិញ ក្រោយរុស្ស៉ីប្រើកម្លាំងយោធាលើអ៊ុយក្រែននាពេលថ្មីៗនេះ។ អំណាចវេតូរបស់ទីក្រុងមូស្គូ បានធ្វើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចធ្វើអ្វីបានឡើយក្នុងការបិទបញ្ចប់ជម្លោះ ក្នុងនាមជាអ្នកធានាសណ្តាប់ធ្នាប់ពិភពលោក និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។

បើតាមប្រមុខការទូតជាន់ខ្ពស់, សំណើសុំដាក់កំហិតលើសិទ្ធវេតូឡើងវិញ របស់ប្រទេសលិចតិនស្តាញ នាពេលនេះ ទទួលការគាំទ្រដោយ ៥០ប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក ប៉ុន្តែអវត្តមាននៃសមាជិកអចិន្ត្រៃយ៍ចំនួន៤ផ្សេងទៀតគឺ រុស្ស៉ី, ចិន, បារាំង, និង អង់គ្លេស គួរតែជាកម្មវត្ថុដ៏សំខាន់ ក្នុងការបោះឆ្នោតសម្រេចនាពេលខាងមុខ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ គ្រោងនឹងប្រមូលផ្តុំសមាជិកចំនួន ១៩៣ប្រទេស នៃអង្គមហាសន្និបាទនេះ រយៈពេល១០ថ្ងៃ ដើម្បី ពិភាក្សាគ្នា មុនពេលសមាជិកអចិន្ត្រៃយ៍មួយ ឬច្រើន ធ្វើការបោះឆ្នោត ដើម្បីកំណត់អំណាចវេតូរបស់សមាជិកនីមួយៗឡើងវិញ៕