(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងលើកលែងអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ នៅតាមមធ្យោបាយដឹកជញ្ជូន សាធារណៈមួយចំនួន បន្ទាប់ពីចៅក្រមសហព័ន្ធនៃរដ្ឋផ្ល័ររីដា (Florida) នៅថ្ងៃចន្ទសប្តាហ៍នេះ បានសម្រេចថាវិធានការដែលត្រូវបានដាក់ចេញ អស់រយៈពេល១៤ខែមកនេះ គឺមិនស្របច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

សេចក្តីសម្រេចរបស់ចៅក្រមនៃរដ្ឋ Florida នាពេលនេះ ធ្វើឡើង ក្រោយមានបណ្តឹងកាលពីឆ្នាំ២០២១ ដោយក្រុមមូលនិធិ ដើម្បីការពារសុខមាលភាពសាធារណៈ ដែលនេះធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់សេតវិមាន ក្នុងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩។
ដោយឡែក ភ្លាមៗ បន្ទាប់ពីមានការប្រកាសនេះ, ក្រុមហ៊ុនអាកាសចរណ៍អាមេរិក យូណាធីត អ៊ែរឡាញ (United Airlines) និង អាឡាសស្កា អ៊ែរឡាញ (Alaska Airlines) បានដកការរឹតបន្តឹង សម្រាប់ជើងហោះហើរក្នុងស្រុកទាំងអស់ចេញ។

បើតាមមន្រ្តីរដ្ឋាភិបាលអាមេរិកមួយរូប, ខណៈទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) កំពុងវាយតម្លៃលើការឆ្លងរាលដាលជំងឺកូវីដ ១៩ នាជំហានបន្ទាប់ នោះមានន័យថា សេចក្តីសម្រេចរបស់តុលាការដែលបញ្ជាឲ្យដកចេញកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនេះ នឹងលែងមានសុពលភាពទៀតហើយ។

CDC នៅតែណែនាំឲ្យប្រជាជនពាក់ម៉ាស់ នៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈ ដោយសារតែករណីឆ្លងថ្មី មានការកើនឡើងម្តងទៀត នៅឯសហរដ្ឋអាមេរិកជាមួយនឹងតួលេខ ៣៦,២៥១ នាក់ ត្រូវបានរាយការណ៍ជាមធ្យមក្នុងមួយថ្ងៃ និងអ្នកស្លាប់ចំនួន ៤៦០នាក់ ដែលជាចំនួនមួយដ៏ខ្ពស់នៃរបាយការណ៍អ្នកស្លាប់ដោយសារតែជំងឺកូវីដ ១៩ ទូទាំងពិភពលោក៕