(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថាកិច្ចសន្ទនារវាងលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជាប់គាំង បន្ទាប់ពីការសម្លាប់យ៉ាងរងា្គលត្រូវបានរកឃើញ នៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់ទូរទស្សន៍បារាំង លោក ម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពីមានការសម្លាប់ដែលយើងបានរកឃើញក្នុងទីក្រុង ប៊ូចា (Bucha) និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ខ្ញុំមិនធ្លាប់បាននិយាយដោយផ្ទាល់ជាមួយលោកពូទីនឡើយ ហើយខ្ញុំក៏មិនបដិសេធថានឹងមិន ជួបលោកពូទីន ទៀតនោះដែរ»

ដោយឡែក ឆ្លើយតបនឹងសំណួរថាតើហេតុអ្វីបានជាលោកមិនយកគំរូតាមមេដឹកនាំលោកខាងលិចផ្សេងទៀត ដោយធ្វើដំណើរទៅកាន់ រដ្ឋធានីកៀវ, លោក ម៉ាក្រុង បានបញ្ជាក់ថា «វាមិនមានភាពចាំបាច់ទេ ក្នុងការបង្ហាញទស្សនៈផ្ទាល់ខ្លួនចំពោះអ៊ុយក្រែន, ខ្ញុំនឹងទៅកាន់ទីនោះ ប៉ុន្តែត្រូវប្រាកដថានឹងទៅដើម្បីនាំមកវិញនូវផលប្រយោជន៍ សម្រាប់ការបញ្ចប់ជម្លោះ មិនមែនគ្រាន់តែ ដើម្បីបង្ហាញការគាំទ្រចំពោះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នោះទេ»

គួរបញ្ជាក់ថា ជារឿយៗ វិមានក្រឹមឡាំង បានអះអាងថា សកម្មភាពរបស់ទីក្រុងមូស្គូ គឺជាប្រតិបតិ្តការយោធាពិសេស ដើម្បីលុបបំបាត់យោធា និងរំដោះអ៊ុយក្រែនពីក្រុមជាតិនិយមជ្រុល និងបានច្រានចោលការចោទប្រកាន់ថាកម្លាំងរបស់ខ្លួនសម្លាប់ប្រជាជនស៊ីវិល ពិសេសគឺនៅក្នុងទីក្រុង Bucha៕