(វ៉ាស៉ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) នៅថ្ងៃចន្ទសប្តាហ៍នេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងហាមឃាត់ ការធ្វើតេស្តមីស៉ីលបាញ់កម្ទេចផ្កាយរណប ហៅកាត់ថា ASAT ដោយសារតែវាបង្កហានិភ័យខ្ពស់ តាមរយៈការបង្កើតកម្ទេចកម្ទីនៅជុំវិញផែនដី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Space News នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

កំលុងទស្សនកិច្ចនៅមូលដ្ឋានកងកម្លាំងអវកាស វែនដិនបឺហ្គ (Vandenberg) ក្នុងរដ្ឋកាលីហ្វ័រញ៉ា លោកស្រី Harris បានសង្កត់ធ្ងន់ថា «ការធ្វើតេស្តប្រភេទនេះ គឺគ្រោះថ្នាក់ខ្លាំង ហើយយើងនឹងមិនធ្វើតេស្តពួកវាទៀតទេ»។ បើតាមលោកស្រីអនុប្រធានាធិបតីអាមេរិក ការសម្រេចដាក់បម្រាមដោយខ្លួនឯងយ៉ាងដូច្នេះ គឺជាកិច្ចប្រឹងប្រែងមួយដើម្បីផ្តួចផ្តើម ការបង្កើតបទដ្ឋានអន្តរជាតិថ្មីមួយ ដើម្បីឱ្យមានការធ្វើសកម្មភាព ដោយការទទួលខុសត្រូវ នៅក្នុងលំហអវកាស។ លោកស្រី Harris ក៏បានអំពាវនាវឱ្យបណ្តាប្រទេសដទៃទៀត ចូលរួមបញ្ឈប់ការធ្វើតេស្ត បាញ់កម្ទេចផ្កាយរណបដូចគ្នា។

គួរបញ្ជាក់ថា កន្លងមកនេះ រុស្ស៉ី ចិន ឥណ្ឌា និងសហរដ្ឋអាមេរិកផ្ទាល់ សុទ្ធតែបានធ្វើតេស្ត ASAT ខណៈការធ្វើតេស្តចុងក្រោយបង្អស់ គឺធ្វើឡើងដោយរុស្ស៉ីកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានទទួលរងការរិះគន់ថា ជាសកម្មភាពគ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវ ដោយវាបានបង្កើតបណ្តុំកម្ទេចកម្ទីអវកាសយ៉ាងហោច ១,៥០០បំណែក ដែលអាចបង្កហានីភ័យចំពោះ ផ្កាយរណបនានា ព្រមទាំងការធ្វើដំណើរ របស់មនុស្សចេញទៅក្នុងអវកាស នាពេលអនាគតថែមទៀតផង។ លោកស្រី Harris ក៏បានលើកឡើងពីកម្ទេចកម្ទីអវកាស ប្រមាណ ២,៨០០បំណែក ដែលបន្សល់ទុកដោយការធ្វើតេស្ត ASAT របស់ចិន កាលពីឆ្នាំ២០០៧ ផងដែរ។ ចំណែក អាមេរិកខ្លួនឯងផ្ទាល់ បានធ្វើតេស្តបាញ់កម្ទេចផ្កាយរណប កាលពីឆ្នាំ២០០៨៕