(តែល អាវីវ)៖ អ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែមកនេះលើតំបន់ហ្កាហ្សា នៃដែនដី ប៉ាឡេស្ទីន ដោយអះអាងថាធ្វើឡើងជាការសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុក្កែតដោយក្រុមហាម៉ាស់ (Hamas) ចូលទឹកដីរបស់ខ្លួន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេង នៅឯភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃយប់ថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីគ្រាប់រ៉ុក្កែតត្រូវបាន ចេញពីតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ហើយដែលនេះជាការប៉ះទង្គិចគ្នាលើកដំបូងបំផុតចាប់តាំងពីដើមខែមករាមក។

ជុំវិញការវាយប្រហារនេះដែរ, យោធាអ៉ីស្រាអែលបានបញ្ជាក់ថាគ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា ចូលមកក្នុងទឹកដី អ៉ីស្រាអែល ត្រូវបានស្ទាក់ចាប់បំផ្លាញដោយប្រព័ន្ធខែលការពារមីស៊ីល អាយរ៉ុន ដូម (Iron Dome) ហើយប៉ុន្មានក្រោយ គឺនៅព្រឹកថ្ងៃអង្គារនេះ យោធាអ៉ីស្រាអែលបានវាយប្រហារលើរោងចក្រផលិតអាវុធមួយកន្លែងរបស់ក្រុមហាម៉ាស់ ជាការសងសឹក។ ប៉ុន្តែខាង ហាម៉ាស់ក៏បានអះអាង ដែរថាពួកគេបានប្រើប្រព័ន្ធការពារប្រឆាំងយន្ដហោះចម្បាំង ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស ដោយមិនមានមនុស្សស្លាប់នៅក្នុង ការវាយប្រហារបស់អ៉ីស្រាអែលទេ។

គួរបញ្ជាក់ថា ការវាយប្រហារដាក់គ្នាទៅវិញទៅមករវាងអ៉ីស្រាអែល និងហាម៉ាស់ កើតមានឡើងបន្ទាប់ពីមានអំពើហិង្សាកើតឡើងជាថ្មី នៅវិហារ អាល់ អឹក ស ក្នុងទីក្រុងហ្សេរុយសាឡិម កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយបណ្ដាលឱ្យមនុស្សច្រើនជាង១៧០នាក់ រងរបួស ក្នុងនោះភាគច្រើនជាពលរដ្ឋប៉ាឡេស្ទីន៕