(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់មួយរូប មកពីក្រសួងការពារជាតិអាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា អ្នកជំនាញយោធាអាមេរិកអាចនឹង ចាប់ផ្តើមបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែន ឱ្យចេះពីរបៀបប្រើប្រាស់កាំភ្លើងធំធុនធ្ងន់ ហាវវីតសឺ (Howitzer) នាប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

បើតាមមន្ត្រីអាមេរិកខាងលើ ការហ្វឹកហាត់នេះនឹងត្រូវធ្វើឡើង នៅក្រៅទឹកដីរបស់អ៊ុយក្រែន។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏កំពុងរៀបចំ ផែនការបណ្តុះបណ្តាលដល់គ្រូបង្គោលនៃទាហានអ៊ុយក្រែន អំពីរបៀបប្រើប្រាស់អាវុធ howitzers និងរ៉ាដា (radars) ដើម្បីឲ្យពួកគេបន្ត ហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែននៅក្នុងស្រុក ខណៈកន្លងមក ទីក្រុងវ៉ាស៊ីនតោន ក៏ធ្លាប់បានបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនឲ្យចេះប្រើ ដ្រូនពិឃាដ ស្វីតប្លេត (Switchblade) ផងដែរ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអាមេរិក ចូ បៃដិនបានប្រកាសផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់ ៨០០លានដុល្លារបន្ថែម ដល់អ៊ុយក្រែនដែលកញ្ចប់ជំនួយយោធានេះ រួមបញ្ចូលទាំងកាំភ្លើងធំធុនធ្ងន់៕