(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ នៅថ្ងៃអង្គារសប្ដាហ៍នេះជាមួយសម្ព័ន្ធមិត្ត ដើម្បីពិភាក្សាពីសង្រ្គាមនៅអ៊ុយក្រែន ក្នុងនោះរួមមានទាំងថាតើត្រូវធ្វើកិច្ចសហប្រតិបត្តិការដូចម្ដេចក្នុងការនាំខ្លួនរុស្ស៉ីឱ្យទទួលខុសត្រូវលើ សង្រ្គាមសព្វថ្ងៃ។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី បៃដិន នឹងកោះប្រជុំតាមប្រព័ន្ធវីដេអូជាមួយសម្ព័ន្ធមិត្ត រួមទាំងដៃគូនានា ដើម្បីពិភាក្សាពីការបន្តការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងនាំខ្លួនរុស្ស៉ីឱ្យទទួលខុសត្រូវ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ពួកយើង»

គួរបញ្ជាក់ថា ការប្រកាសខាងលើរបស់សេតវិមាន កើតមានឡើងចំពេលដែលអ៊ុយក្រែនបានអះអាងថារុស្ស៉ីបានចាប់ផ្ដើមវាយយកតំបន់ដុនបាស់ (Donbas) នៃភាគខាងកើតប្រទេសអ៊ុយក្រែនហើយកាលពីថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយកងទ័ពរុស្ស៉ីមួយភាគធំកំពុងផ្តោតលើ ការវាយលុកនេះដែលជាដំណាក់កាលទី២នៃសង្រ្គាមអ៊ុយក្រែន៕