(រ៉ូម)៖ រដ្ឋាភិបាលអ៊ឺតាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តី លោក Mario Draghi បានធ្វើតេស្តវិជ្ជមាន ចំពោះជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

លោក Draghi វ័យ ៧៤ឆ្នាំ ដែលបានចាក់វ៉ាក់សាំងពេញលេញ «មិនមានរោគសញ្ញាអ្វីទេ» នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ការធ្វើតេស្តវិជ្ជមានរបស់លោក Draghi កើតឡើង នៅពេលដែលអត្រានៃការឆ្លងកូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលីបានកើនឡើង ពីកម្រិតទាបបំផុតចាប់តាំងពីដើមខែមីនា ទោះបីជាអត្រាមរណភាពនិងសម្រាកនៅមន្ទីរពេទ្យនៅតែមានកម្រិតទាបក៏ដោយ។

ទិន្នន័យចុងក្រោយបំផុតនៅថ្ងៃអាទិត្យនេះបានបង្ហាញថា មានករណីឆ្លងថ្មីជិត៥២,០០០នៅទូទាំងប្រទេស ដែលជាថ្ងៃទីប្រាំមួយជាប់ៗគ្នា ដែលបានកត់ត្រាករណីថ្មីប្រចាំថ្ងៃជាង៥០,០០០ករណី៕