(តេហេរ៉ង់)៖ អ៊ីរ៉ង់នៅថ្ងៃចន្ទនេះបាននិយាយថា កិច្ចព្រមព្រៀងជាមួយមហាអំណាចពិភពលោក ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នៅតែមិនទាន់មានពន្លឺនៅឡើយ ដោយបានបន្ទោសសហរដ្ឋអាមេរិកចំពោះការពន្យារពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយថា «មានបញ្ហាជាច្រើននៅតែកំពុងជាប់គាំងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក»

លោកបានប្រាប់អ្នកយកព័ត៌មានថា «សារ (ពីទីក្រុងវ៉ាស៊ីនតោន) ដែលផ្ញើដោយ (អ្នកសម្របសម្រួលសហភាពអឺរ៉ុប) លោក Enrique Mora ក្នុងប៉ុន្មានសប្តាហ៍កន្លងមកនេះ... គឺនៅឆ្ងាយពីការផ្តល់ដំណោះស្រាយ ដែលអាចនាំឱ្យមានកិច្ចព្រមព្រៀងថ្មីមួយ»

គួរបញ្ជាក់ថា ចំណុចសំខាន់ក្នុងចំណោមបញ្ហាដែលមិនអាចដោះស្រាយបាន គឺការទាមទាររបស់អីរ៉ង់ ឱ្យដកអង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ខ្លួន ចេញពីបញ្ជីខ្មៅរបស់ភេរវករអាមេរិក ខណៈដែលសហរដ្ឋអាមេរិកបានបដិសេធចំពោះសំណើរនេះ៕