(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃចន្ទនេះ បានអះអាងថាការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់ ត្រូវបានធ្វើឡើងលើមូលដ្ឋានយោធា អ៊ុយក្រែន និងគោលដៅយោធាដែលពាក់ព័ន្ធផ្សេងទៀត ដោយប្រើប្រាស់កម្លាំងទ័ពអាកាស, មីស៊ីល និងកំាភ្លើងធំ រួមទាំងប្រព័ន្ធមីស៊ីលការពារ ដែនអាកាសវាយប្រហារលើគោលដៅរាប់រយកន្លែងនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ, ការវាយប្រហារតាមផ្លូវអាកាសដោយគ្រាប់មីស៊ីល បានបំផ្លាញទីតាំងយោធាអ៊ុយក្រែនចំនួន ១៦កន្លែង រួមទាំងប៉ុស្តិ៍បញ្ជាការចំនួន៥កន្លែង, ឃ្លាំងស្តុកប្រេង, គ្រាប់រំសេវ ក៏ដូចជារថពាសដែក និងទាហានរបស់អ៊ុយក្រែនផងដែរ។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា គោលដៅវាយប្រហារទាំងនោះ មាននៅក្នុងទីក្រុងខាកកៀវ (Kharkiv), ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia), ដូណេត (Donetsk) និងឌីប្រូប៉េត្រូវ (Dnipropetrovsk) រួមទាំងកំពង់ផែ មីកូឡាយីវ (Mykolayiv) ហើយកងទ័ពអាកាសរុស្ស៉ីក៏បានបើក ការវាយប្រហារលើទីតាំងប្រមូលផ្តុំកម្លាំង និងសម្ភារៈសឹកចំនួន ១០៨កន្លែងទៀត។

គួរបញ្ជាក់ថា ចាប់តាំងពីទីក្រុងមូស្គូ បើកការវាយប្រហារចូលទឹកដីអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ បច្ចុប្បន្នកងកម្លាំងរុស្ស៉ីកំពុងព្យាយាម គ្រប់គ្រងឲ្យបានទាំងស្រុង នូវទីក្រុងកំពង់ផែ ម៉ារីយូប៉ូល (Mariupol) បន្ទាប់ពីឡោមព័ទ្ធទីក្រុងនេះ អស់ជាច្រើនសប្តាហ៍កន្លងមក៕