(ប៉ារីស)៖ រដ្ឋលេខាធិការបារាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក ក្លេម៉ង់ បូន (Clement Beaune) បាននិយាយនៅថ្ងៃចន្ទនេះថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) មិនមានគម្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអ៊ុយក្រែន នាពេលខាងមុខនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

លោក Clement Beaune បានធ្វើការកត់សម្គាល់ដូចខាងលើប្រាប់វិទ្យុបារាំងស៊ូដ (Sud) និងជាការឆ្លើយតបទៅនឹងសំណួរដែល លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី (Vlodymyr Zelensky) បានអញ្ជើញលោក ម៉ាក្រុងមកមើលភស្តុតាងពីអំពើប្រល័យពូជសាសន៍ ដោយផ្ទាល់នៅអ៊ុយក្រែន។

លោក Beaune បានបញ្ជាក់ដូច្នេះថា ៖ «យើងមិននិយាយពីរយៈពេល ២-៣ថ្ងៃទៀតទេ ហើយដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី មិនមែនត្រឹមតែជានិមិត្តរូបនោះទេ។ លោកនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែននៅពេលដែលវានឹងមានប្រយោជន៍»។ លោក Beaune បានបន្ថែមថាបារាំងកំពុងផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌ដល់ប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីដើមខែកុម្ភៈកន្លងទៅនេះ លោក ម៉ាក្រុង បានបំពេញដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយប្រធានាធិបតី រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយក៏បានបំពេញដំណើរទស្សនកិច្ចនៅទីក្រុងកៀវ (Kiev) នៅថ្ងៃបន្ទាប់ផងដែរ។ លោក ម៉ាក្រុង និងលោក ពូទីនក៏បានជជែកគ្នាតាមទូរស័ព្ទជាប្រចាំផងដែរ៕