(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានឱ្យដឹងថាទីក្រុងព្យុងយ៉ាង កំពុងបង្កើនការរៀបចំនានា សម្រាប់ការធ្វើសមយុទ្ធយោធាមួយ នៅមុនថ្ងៃខួបកំណើតបង្កើតកងទ័ពកូរ៉េខាងជើងនៅសប្ដាហ៍ក្រោយនេះ ខណៈសហរដ្ឋអាមេរិក ចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

បើតាមប្រភពពីយោធាកូរ៉េខាងត្បូង, បរិក្ខារនៅក្នុងចំនួនដ៏ច្រើនត្រូវបានប្រផ្ដុំនៅឯអាកាសយានដ្ឋានមីរីម (Mirim) ស្ថិតនៅជាយ រដ្ឋធានីព្យុងយ៉ាង ជាទីដែលការហាត់សមព្យុហយាត្រាយោធាតែងតែធ្វើឡើង ហើយប្រហែលជាមានមនុស្សច្រើនជាង ២០,០០០នាក់ អាចនឹងចូលរួមនៅក្នុងព្យុហយាត្រាយោធានេះ។

នៅថ្ងៃចន្ទនេះដែរ អាមេរិក និងកូរ៉េខាងត្បូង ក៏បានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នាផងដែរ តែជាការធ្វើសមយុទ្ធតាមប្រព័ន្ធកុំព្យូទ័រដែល ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយមានរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃចន្ទនេះតទៅជាមួយគោលដៅ ដ៏ទូលំទូលាយនៃការត្រៀមលក្ខណៈ ការពារជាតិរួមគ្នា។

គួរបញ្ជាក់ថា កូរ៉េខាងជើងត្រូវបានគេរាយការណ៍ថាអាចនឹងធ្វើតេស្ដមីស៊ីល ICBM និងអាវុធនុយក្លេអ៊ែរឡើងវិញក្នុងពេលឆាប់ៗ ខាងមុខនេះ ខណៈមានការសង្ស័យថាការសម្ញែងអាវុធថ្មីៗ ឬការធ្វើតេស្ដអាវុធអាចនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមេសានេះដែលចំថ្ងៃខួប លើកទី៩០ នៃការបង្កើតកងទ័ពកូរ៉េខាងជើង៕