(ញូដេលី)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា ដែលផ្អែកលើប្រភពពីរដ្ឋាភិបាល បានរាយការណ៍កាលពីចុងសប្តាហ៍កន្លងទៅថា កងទ័ពអាកាសឥណ្ឌាបានសម្រេចលុបចោល ផែនការទិញឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូនធុន Mi-17V5 ចំនួន៤៨គ្រឿង ពីរុស្ស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

ប្រភពខាងលើបានអះអាងថា ការសម្រេចចិត្តយ៉ាងដូច្នោះ មិនមានជាប់ពាក់ព័ន្ធជាមួយ វិបត្តិសង្រ្គាមរវាងអ៊ុយក្រែននិងរុស្ស៉ីឡើយ ប៉ុន្តែដើម្បីពង្រឹងកិច្ចផ្តួចផ្តើម «ផលិតនៅឥណ្ឌា» ដែលជាកម្មវិធីរបស់រដ្ឋាភិបាលឥណ្ឌា រចនាឡើងដើម្បីលើកស្ទួយការផលិតបច្ចេកវិទ្យា និងបរិក្ខាយោធានៅក្នុងស្រុក ហើយកាត់បន្ថយការពឹងផ្អែករបស់ប្រទេសឥណ្ឌា លើការនាំចូលផលិតផលពីក្រៅប្រទេស។

យ៉ាងណាមិញ វាមិនច្បាស់នោះទេថា ផែនការទិញឧទ្ធម្ភាគចក្រខាងលើ បានលេចចេញជាកិច្ចព្រមព្រៀងក្នុងទម្រង់ណាមួយ ឬការចុះអនុស្សរណៈយោគយល់គ្នា ជាមួយរុស្ស៉ីហើយឬនៅ ឬមួយក៏វាស្ថិតនៅត្រឹមទម្រង់ជា ការគ្រោងទុករបស់រដ្ឋាភិបាលឥណ្ឌាប៉ុណ្ណោះ។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាអ្នកនាំចូលដ៏ធំមួយ នៃសព្វាវុធនិងបរិក្ខាយោធារបស់រុស្ស៉ី ហើយកំពុងតែប្រើប្រាស់ឧទ្ធម្ភាគចក្ររុស្ស៉ី Mi-17 ជាច្រើនស៊េរីខុសៗគ្នា សម្រាប់គោលដៅផ្សេងៗ រួមមានតាំងពីការដឹកជញ្ជូនសម្ភារៈធុនមធ្យម សម្រាប់កងទ័ពអាកាសឥណ្ឌា រហូតដល់ការដឹកជញ្ជូនមន្រ្តីជាន់ខ្ពស់ឥណ្ឌា ធ្វើដំណើរនៅក្នុងប្រទេស ជាដើម៕