(ប៉េកាំង)៖ ក្នុងបរិបទជំងឺកូវីដ-១៩ បណ្តាប្រទេសនានា បាននិងកំពុងព្យាយាមសម្របខ្លួន ទៅនឹងជីវភាពក្នុងគន្លងប្រក្រតីកម្មថ្មី ពោលគឺបានខិតខំប្រឹងប្រែងស្តារអ្វីៗគ្រប់យ៉ាងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតសកល បើទោះបីជាពុំទាន់យកឈ្នះទាំងស្រុងលើជំងឺកូវីដ-១៩ក្តី។

អ្វីដែលគួរឱ្យកត់សម្គាល់ សេដ្ឋកិច្ចឌីជីថលបានរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីវិបត្តិសុខភាពសកល ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យពាណិជ្ជកម្មអន្តរជាតិ អាចដំណើរការជាប្រក្រតីក្នុងសម័យកូវីដ។ ប្រទេសនានាបានដាក់ចេញ គោលនយោបាយជំរុញសេដ្ឋកិច្ចឌីជីថល ក្នុងន័យបង្កើនកម្លាំងប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ និងទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ។

ពិតមែនតែមិនអាចធ្វើពាណិជ្ជកម្មដោយ «ទល់មុខគ្នា» ក្តី តែក៏មិនអាចរារាំងជំហាន នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសនានាដែរ ពោលគឺមិនថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ឬពហុភាគី ប្រទេសពាក់ព័ន្ធបានធ្វើការពិគ្រោះពិភាក្សា និងចុះហត្ថលេខាតាមទម្រង់អនឡាញ ដែលជាកិច្ចសហប្រតិបត្តិការបែបថ្មី ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងយុគសម័យថ្មី និងក្នុងបរិបទដែលរងផលប៉ះពាល់ពីជំងឺកូវីដ។

យ៉ាងណាមិញ ប្រទេសចិនដែលជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើពិភពលោក និងជាប្រទេសដំបូងបង្អស់លើពិភពលោក ដែលបានស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទជំងឺកូវីដ-១៩ បានក្លាយជា «ចំណុចស្នូល» ដែលស្រូបទាញក្រសែចក្ខុរបស់ពិភពលោក ឱ្យរំពៃនិងរំពឹងទុកថាតើ «យុថ្កាលំនឹងសេដ្ឋកិច្ចពិភពលោក» មួយនេះ នឹងដើរតួនាទីបែបណាទៀត ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ចពិភពលោក ដែលកំពុងដាំក្បាលចុះឱ្យងើបឡើងវិញ ។

ចាប់តាំងពីឈានចូលគន្លងប្រក្រតីកម្មថ្មីបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនមួយផ្នែកបានខិតខំ ស្តារសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការដាក់ចេញគោលនយោបាយថ្មីៗ មួយផ្នែកទៀតបានធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាមួយដៃគូសហប្រតិបត្តិការរបស់ខ្លួន ដែលបានប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែបចែករំលែក និងបរិយាប័ន្ន។

មើលពីផ្នែកខាងក្នុង សេដ្ឋកិច្ចចិនបានបន្តរក្សាកំណើនប្រកបដោយស្ថិរភាព។ ក្នុងសន្និសីទកាសែតរបស់ការិយាល័យព័ត៌មានជាតិចិន ស្តីពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិចិនប្រចាំត្រីមាសទីមួយឆ្នាំ ២០២២ ដែលបើកធ្វើនៅថ្ងៃទី ១៨ ខែមេសានេះ លោក Fu Linhui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា មើលជារួម សេដ្ឋកិច្ចចិនបន្តរក្សានិន្នាការអភិវឌ្ឍន៍ឡើងវិញ និងដំណើរការក្នុងចន្លោះសមហេតុផលជាទូទៅ ដែលក្នុងនោះ តាមការគណនាជាជំហានដំបូង ផលិតផលក្នុងស្រុកសរុបត្រូវជា ២៧ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៤.៨ ភាគរយប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ និងកើនឡើង ១.៣ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃត្រីមាសទី ៤ ឆ្នាំ ២០២១ ។

មើលពីផ្នែកខាងក្រៅ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយដៃគូសហប្រតិបត្តិការទូទាំងពិភពលោក។ ក្នុងត្រីមាសទី ១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មនាំចេញនាំចូលសរុបរវាងប្រទេសចិន ជាមួយប្រទេសអាស៊ានសម្រេចបាន ១.៣៥ ទ្រីលានយាន់ប្រាក់ចិន ជាមួយសហភាពអឺរ៉ុបសម្រេចបាន ១.៣១ ទ្រីលានយាន់ប្រាក់ចិន ជាមួយសហរដ្ឋអាមេរិកសម្រេចបាន ១.១៨ ទ្រីលានយាន់ប្រាក់ចិន ក្នុងនោះ អាស៊ានបន្តរក្សាតំណែងជាដៃគូពាណិជ្ជកម្មធំទី ១ របស់ប្រទេសចិន ។

តាំងពីដើមមក ប្រទេសចិនបានប្រឆាំងយ៉ាងដាច់ខាត ចំពោះការលេងលែ្បង«ផលបូកសូន្យ»ក្នុងកិច្ចសហប្រតិបត្តិការ ហើយខិតខំជ្រោងទង់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយបានដាក់ចេញគោលនយោបាយ និងលើកឡើងគំនិតផ្តួចផ្តើមជាច្រើន ដែលមានអំណោយផលដល់ការលើកស្ទួយសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការអភិវឌ្ឍរបស់ពិភពលោក តួយ៉ាងដូចជាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង «ការអភិវឌ្ឍជាសកល» ជាដើមដែលទទួលបានការសាទរនិងទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ ក្រៅពីនេះ ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាមិត្តជាច្រើន ហើយកិច្ចព្រមព្រៀង RCEP ដែលទើបចូលជាធរមានក្នុងឆ្នាំនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃប្រទេសចិននិងរដ្ឋហត្ថលេខីដទៃទៀត។

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតែងលើកឡើងថា ទីផ្សារពិភពលោកគឺបីដូចជា «នំខេក» មួយ ប្រទេសនានាលើពិភពលោក គួរតែទទួលបានចំណែករៀងៗខ្លួន ពោលគឺគួរទទួលបានកាលានុវត្តភាពអភិវឌ្ឍន៍ទាំងអស់គ្នា ហើយគួររួមគ្នាធ្វើ «នំខេក» កាន់តែធំ ដើម្បីទទួលបានចំណែកកាន់តែធំរៀងៗខ្លួនផងដែរ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់ចប់ទេ ការចែកចាយវ៉ាក់សាំងរបស់ប្រទេសចិន ជូនបណ្តាប្រទេសដែលមានតម្រូវការក៏មិនបញ្ឈប់ដែរ។ ស្ថានការណ៍ពិភពលោក មានភាពកាន់តែស្មុគស្មាញ និងមិនប្រាកដប្រជា ប្រទេសចិនបានដាក់បញ្ចូលកម្លាំងវិជ្ជមានជាបន្តបន្ទាប់ ដើម្បីជួយលំនឹងស្ថានការណ៍ទូទៅ។ មិនថានិម្មាបនកម្មពិភពលោក មានការប្រែប្រួលយ៉ាងណាក្តី ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ច នូវគំនិតផ្តួចផ្តើមសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ៕

អត្ថបទដោយ៖ តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន