(ប៉េកាំង)៖ វេលាម៉ោង១០នៅព្រឹកថ្ងៃទី១៦ ខែមេសា បន្ទប់វិលត្រឡប់មកវិញ នៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 របស់ចិនបានចុះចតដោយជោគជ័យ។ អវកាសយានិកបីនាក់បានវិលត្រឡប់មកដល់ផែនដីវិញ បន្ទាប់ពីបញ្ចប់ដំណើរក្នុងអវកាសអស់រយៈពេល៦ខែ។ និយាយចំពោះប្រទេសចិន ខណៈពេលដែលយានអវកាសផ្ទុកមនុស្ស Shenzhou-13 វិលត្រឡប់មកដល់ផែនដីវិញនេះ គឺមានន័យថា ដំណាក់កាលពិនិត្យបញ្ជាក់ពី បច្ចេកទេសគន្លឹះនៃស្ថានីយអវកាសរបស់ចិន ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ពោលគឺជំរុញឱ្យគំនិតផ្តួចផ្តើមស្តីពី «ការចែករំលែកអវកាសជាសកល» នៃអង្គការសហប្រជាជាតិបោះជំហានទៅមុខ។

អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ បើប្រៀបធៀបនឹងយានអវកាស Shenzhou-12 ដែលបានហោះហើរជុំវិញផែនដី១១ជុំ អស់រយៈពេលជាងមួយថ្ងៃ ទើបវិលត្រឡប់មកវិញ យានអវកាស Shenzhou-13 ត្រឹមតែហោះហើរជុំវិញផែនដី៥ជុំ អស់រយៈពេលតែប៉ុន្មានម៉ោង ក៏បានវិលត្រឡប់មកវិញហើយ ។ ពេលវេលានេះរហូតដល់កាន់តែខ្លី ជាងការបំពេញបេសកកម្មឆ្លងទីក្រុងលើផែនដី ដែលមានការប្រឌិតថ្មីនិងសមិទ្ធិផលខាងបច្ចេកទេសគួរឱ្យភ្ញាក់ផ្អើល។

ក្នុងរយៈពេលកន្លះឆ្នាំកន្លងទៅ យានអវកាសផ្ទុកមនុស្ស Shenzhou-13 បានសម្រេចបាននូវភារកិច្ចកំណត់ជាស្រេចទាំងអស់ ដោយគាប់ប្រសើរ ពោលគឺ អវកាសយានិកបីនាក់ដើរចេញពីកាប៊ីនពីរលើក ធ្វើការពិសោធន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាច្រើន រៀនសូត្រនិងធ្វើអន្តរកម្មជាមួយទាំងក្នុងនិងក្រៅប្រទេសចិន តាមរយៈការបង្រៀនក្នុងអវកាសជាដើម ដែលបានបង្កើត “លើកដំបូង”ជាច្រើន ក៏ដូចជានាំមកនូវការដកបទពិសោធន៍ថ្មី ក្នុងអវកាសដ៏ពិសេសជាច្រើន ដល់ទូទាំងពិភពលោកផងដែរ។

ក្នុងសម្រែកសាទរយ៉ាងរំភើបរីករាយរបស់មនុស្សចំពោះយានអវកាសផ្ទុកមនុស្ស Shenzhou-13 ដែលបានវិលត្រឡប់មកវិញដោយជោគជ័យ អ្វីដែលកាន់តែត្រូវចងចាំគឺ សមិទ្ធិផលខាងវិស័យអវកាសផ្ទុកមនុស្សរបស់ចិន បានមកដោយមិនងាយទេ។ ទន្ទឹមនឹងភារកិច្ចហោះហើរនៃយានអវកាសផ្ទុកមនុស្ស Shenzhou-13 ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ស្ថានីយអវកាសរបស់ចិននឹងឈានចូលដំណាក់កាលស្ថាបនា ដែលមានគោលដៅកសាងស្ថានីយអវកាសខ្នាតធំជាអចិន្ត្រៃយ៍ ដែលមានចំណុះពី ៦០ដល់១៨០តោន ដោយម្ចាស់ការ ហើយនៅប៉ុន្មានឆ្នាំខាងមុខ វាប្រហែលនឹងក្លាយជាស្ថានីយអវកាសតែមួយគត់ ដែលដំណើរការតាមគន្លង។ នេះមិនត្រឹមតែជាសមិទ្ធផលខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដ៏សំខាន់ ដែលជនជាតិចិនទទួលបានប៉ុណ្ណោះទេ ថែមទាំងក៏ជាការចាប់ផ្តើមនៃដំណាក់កាលថ្មី ដែលមនុស្សជាតិទាំងមូលធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីស្វែងរកអវកាសផងដែរ។

ស្ថានីយអវកាសចិនជាគម្រោងស្រដៀងគ្នា ដែលបានបើកទ្វារជាសាធារណៈ ចំពោះរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិទាំងអស់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ននេះ គម្រោងចំនួន៩នៃប្រទេសចំនួន១៧ និងអង្គភាពជាក់ស្តែងចំនួន២៣ ក្លាយជាគម្រោងជំហានដំបូង ក្នុងការពិសោធន៍វិទ្យាសាស្ត្រ នៃស្ថានីយអវកាសរបស់ចិន។ លោក Simonetta Di Pippo ប្រធានការិយាល័យកិច្ចការអវកាស នៃអង្គការសហប្រជាជាតិបានវាយតម្លៃថា ចិនបើកទូលាយស្ថានីយអវកាស ជាចំណែកដ៏សំខាន់នៃគំនិតផ្តួចផ្តើមស្តីពី «ការចែករំលែកអវកាសជាសកល» នៃអង្គការសហប្រជាជាតិ ហើយក៏ជា «គំរូដ៏មហិមា» មួយផងដែរ ។

លំហអវកាសជារបស់មនុស្សជាតិទាំងមូល ។ ស្ថានីយអវកាសរបស់ចិនដែលបើកទ្វារ ចំពោះទូទាំងពិភពលោកនឹងក្លាយជា «ផ្ទះរួមរបស់មនុស្សជាតិទាំងមូល» ដែលជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ចិន ក្នុងការជំរុញការបង្កើត សហគមន៍រួមវាសនារបស់មនុស្សជាតិ ក្នុងលំហអវកាស៕