(ប៉េកាំង)៖ ទុកប្រជាជនក្នុងចិត្ត គិតគូរដល់ប្រជាជនក្នុងគ្រប់កាលៈទេសៈ ប្រើពាក្យសាមញ្ញនិយាយជាមួយប្រជាជន និងខិតខំដើម្បីប្រជាជន —— មនោសញ្ចេតនារបស់លោក Xi Jinping ចំពោះប្រជាជនមានប្រភពមកពី បទពិសោធន៍រីកលូតលាស់ដ៏ពិសេសពិសាលរបស់លោក ដែលប្រកបដោយភាពវេទនាជូរចត់។

កាលពីឆ្នាំ១៩៦៩ លោក Xi Jinping ដែលមានអាយុមិនទាន់ដល់១៦ឆ្នាំផង បានស្នើសុំដោយស្ម័គ្រចិត្តចុះទៅតាមទីជនបទ នៅតំបន់ខាងជើងខេត្ត Shan Xi ធ្វើស្រែចម្ការ លោកបានទៅដល់ក្រុម Liang Jiahe សហគមន៍ Wen Anyi ស្រុក Yanchuan។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ លោក Xi Jinping ស្ទើរតែមិនបានឈប់សម្រាកសោះ ធ្វើស្រែ អូសធ្យូងថ្ម ជីកទំនប់ និងរែកលាមកសត្វជាដើមដែលការងារទាំងអស់នេះ លោកបានធ្វើអស់ហើយ។

នៅក្នុងកែវភ្នែករបស់អ្នកភូមិ លោក Xi Jinping ដែលអាចរែកស្រូវសាលី៥០គីឡូ ដើរ៥គីឡូម៉ែត្រមិនឈប់សម្រាក គឺជាក្មេងជំនាន់ក្រោយដែលអត់ធ្មត់ និងឧស្សាហ៍ព្យាយាមម្នាក់ ធ្វើស្រែមិនស្តាយកម្លាំង មានចំណេះចេះដឹង និងវៃឆ្លាតមានគំនិតច្រើន ហេតុដូច្នេះបានទទួលការទុកចិត្តពីអ្នកភូមិបន្ដិចម្ដងៗ និងបានចូលជាសមាជិកក្រុមយុវជន និងក្លាយទៅជាសមាជិកបក្សកុម្មុយនីស្តចិន រហូតដល់ធ្វើជាលេខាសាខាបក្សរបស់ក្រុមតែម្តង។

បើទោះបីថាការរស់នៅតំបន់ជនបទពិបាកខ្លាំងណាស់ តែក៏ជាកន្លែងទីមួយសម្រាប់លោក Xi Jinping ដែលធ្វើឱ្យលោកលូតលាស់ធំឡើង ដោយឆ្លងកាត់ច្រើន និងអាចបញ្ចេញសមត្ថភាពបាន។ ដើម្បីពង្រីកទំហំដីស្រែ ដល់រដូវរងាមានទំនេរពីធ្វើស្រែ លោកបានដឹកនាំអ្នកភូមិជួសជុលទំនប់ទឹក ដោយរាល់លើកលោកសុទ្ធតែធ្វើជាគំរូ ឈរនៅក្នុងទឹកកកដោយជើងទទេ ឈួសទឹកកកសម្អាតបាតទំនប់។ លោក Xi Jinping បានប្រមូលពួកជាងដែក បង្កើតសមាគមជាងដែក។ សមាគមធ្វើឧបករណ៍កសិកម្មក្រៅពីអាចប្រើប្រាស់ សម្រាប់ខ្លួនឯងបានគ្រប់គ្រាន់ ហើយក៏អាចលក់ឱ្យភូមិក្បែរៗនោះ ដើម្បីបន្ថែមប្រាក់ចំណូលដល់សមាគម។

លោកបានមើលកាសែតឃើញថា នៅខេត្ត Si Chuan កំពុងអភិវឌ្ឍជីវឧស្ម័ន គាត់ក៏ទៅសុំបទពិសោធន៍ពីគេ មកវិញសាងសង់ស្រះជីវឧស្ម័នដំបូងគេ នៅតំបន់ខាងជើងខេត្ត Shan Xi ហើយដឹកនាំអ្នកភូមិក្លាយទៅជាភូមិទី១ ប្រើជីវឧស្ម័នក្នុងខេត្តតែម្តង ដែលបានដោះស្រាយបញ្ហាហូបចុក និងបំភ្លឺភ្លើងរបស់អ្នកភូមិ។ ខាងរដ្ឋធានីប៉េកាំងធ្លាប់ចែកម៉ូតូកង់បី ជារង្វាន់លើកទឹកចិត្តដល់យុវជនចុះមូលដ្ឋានដ៏ឆ្នើម ដែលនៅសម័យនោះជារបស់កម្រមានណាស់ នៅក្នុងភូមិនោះ។ លោក Xi Jinping បានយកម៉ូតូកង់បីនោះ ទៅដូរជាត្រាក់ទ័រ ម៉ាស៊ីនកិនម្សៅ ម៉ាស៊ីនបូមទឹកជាដើម ដើម្បីចែកជូនអ្នកភូមិប្រើប្រាស់៕