(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះ បានប្រកាសដកចេញនូវវិធានការរឹតតត្បឹតប្រឆាំងជំងឺ COVID-19 ស្ទើរតែទាំងអស់ នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរក ការវិលត្រឡប់ទៅរកជីវិតធម្មតាវិញ ខណៈដែលករណីឆ្លងវីរុសបំប្លែងថ្មី Omicron បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

បំរាមគោចរពេលរាត្រី ដែលបានដាក់ចេញឱ្យអនុវត្តលើភោជនីយដ្ឋាន និងអាជីវកម្មផ្សេងៗទៀត ត្រូវបានលុបចោល ហើយការកំណត់មនុស្សត្រឹម១០នាក់ អាចប្រមូលផ្តុំគ្នាក៏ត្រូវលុបចោលផងដែរ។ ចាប់ពីសប្តាហ៍ក្រោយនេះតទៅ ប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យញ៉ាំអាហារសម្រន់នៅក្នុងរោងកុន និងកន្លែងសាធារណៈបិទជិតផ្សេងៗទៀត ដូចជាកីឡដ្ឋានជាដើម។ ទោះជាយ៉ាងណាក៏ដោយ ប្រជាជនកូរ៉េខាងត្បូងនៅតែតម្រូវឱ្យពាក់ម៉ាស់ដដែល ដោយរដ្ឋាភិបាលគ្រោងនឹងពិនិត្យមើលឡើងវិញថា តើត្រូវដកចេញនូវវិធានការពាក់ម៉ាស់នៅខាងក្រៅ ក្នុងរយៈពេលពីរសប្តាហ៍ទៀត ឬយ៉ាងណា។

ការបន្ធូរបន្ថយវិធានការរឹតត្បឹតខាងលើនេះ បានកើតឡើងនៅពេលដែលចំនួនករណីឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះមកនៅត្រឹម ៤៧,៧៤៣ករណីនៅថ្ងៃចន្ទនេះ ដែលជាចំនួនទាបបំផុត បើគិតចាប់តាំងពីថ្ងៃទី៩ ខែកុម្ភៈ បន្ទាប់ពីមានចំនួនករណីឆ្លងច្រើនជាង ៦២០,០០០ករណីក្នុងមួយថ្ងៃ កាលពីពាក់កណ្តាលខែមីនា។ ប៉ុន្តែវិធានការរឹតត្បឹតមួយចំនួនតូច ត្រូវនៅតែបន្តអនុវត្ត រួមទាំងការតម្រូវឱ្យធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលមិនបានទទួលការចាក់វ៉ាក់សាំង និងការធ្វើតេស្ត PCR ជាមួយលទ្ធផលអវិជ្ជមាន សម្រាប់អ្នកដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េខាងត្បូង រហូតមកទល់ពេលនេះ ជិត៨៧ភាគរយ នៃចំនួនប្រជាជន ៥២លាននាក់នៅប្រទេសកូរ៉េខាងត្បូង បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ហើយ ខណៈដែល ៦៤ភាគរយទៀត បានទទួលការចាក់ដូសជំរុញផងដែរ៕