(ស៊ីដនី)៖ នាវាទេសចរណ៍ដ៏ធំមួយគ្រឿង បានចូលចតនៅ កំពង់ផែនៃទីក្រុងស៊ីដនី (Sydney) ជាលើកដំបូង នាថ្ងៃចន្ទនេះ ក្រោយពីបម្រាមដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ដែលមានរយៈពេលជាង២ឆ្នាំមកនេះ ត្រូវបានដកចេញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសាព័ត៌មាន AFP នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

នៅព្រឹកព្រលឹម ថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) នាវាទេសចរណ៍ Pacific Explorer បានមកដល់ច្រកកំពង់ផែ នៃទីក្រុងស៊ីដនី ជាមួយនឹង ផ្ទាំងក្រណាត់ធំមួយនៅមុខនាវា ដែលសរសេរថា «យើងមកដល់ផ្ទះវិញហើយ» ស្របពេលដែលមនុស្សជាច្រើន បានប្រមូលផ្តុំគ្នា ដើម្បីទទួលស្វាគមន៍ ការមកដល់របស់កប៉ាល់ទេសចរណ៍នេះ ដែលបានធ្វើដំណើរចម្ងាយ ១៨,០០០គីឡូម៉ែត្រ កាលពីជិត១ខែមុន ដើម្បីត្រឡប់មកកាន់អូស្រ្តាលីវិញ។

នាវា Pacific Explorer និងនាវាទេសចរណ៍ធំៗចំនួន២ផ្សេងទៀត របស់ក្រុមហ៊ុន P&O Cruises Australia បានចតនៅក្បែរឆ្នេរសមុទ្រ របស់ប្រទេសស៉ីប (Cyprus) អស់រយៈពេលជិតពេញមួយឆ្នាំកន្លងមកនេះ ដោយទន្ទឹងរង់ចាំអូស្រ្តាលីដកបម្រាមចេញវិញ ខណៈការគ្រោងដកបម្រាម ត្រូវបានពន្យារពេលជាច្រើនលើក ដោយសារតែរលកឆ្លងរាលដាលជាបន្តបន្ទាប់ នៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា នាវាទេសចរណ៍អន្តរជាតិនានា ត្រូវបានហាមឃាត់ពីដែនទឹកអូស្រា្តលី កាលពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីមានការផ្ទុះរាតត្បាតនៃជំងឺកូវីដ១៩ ដែលមានប្រភពចេញមកពីកប៉ាល់ទេសចរណ៍មួយគ្រឿងឈ្មោះថា Ruby Princess៕