(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយហុងកុង South China Morning Post (SCMP) កាលពីថ្ងៃអាទិត្យកន្លងទៅ បានរាយការណ៍ថា បញ្ហារីករាលដាល COVID-19 នៅក្នុងទីក្រុងសៀងហៃ កំពុងធ្វើឱ្យគម្រោងដាក់សម្ពោធ នាវាផ្ទុកយន្តហោះចម្បាំងទី៣ របស់ចិន ប្រឈមនឹងការពន្យារពេល។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

កាសែត SCMP បាននិយាយថា ដំណើរការសាងសង់នាវាផ្ទុកយន្តហោះចម្បាំងថ្មីខាងលើ ត្រូវគេរំពឹងថានឹងសម្រេចរួចរាល់នៅក្នុងខែមេសានេះ ប៉ុន្តែកាលវិភាគបានរងការប៉ះពាល់ ព្រោះតែបញ្ហាជាមួយចង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងដោយ ការរាតត្បាតនៃជំងឺ COVID-19 នៅក្នុងទីក្រុងសៀងហៃ ជាទីដែលនាវាយោធានេះ កំពុងស្ថិតក្រោមការសាងសង់។

យោងតាមប្រភពដែល SCMP ទទួលបាន គឺគម្រោងដាក់សម្ពាធនាវាផ្ទុកយន្តហោះចម្បាំងចិនទី៣ កំពុងប្រឈមការពន្យារពេល ដោយសារតែបញ្ហា COVID-19 បានបង្កភាពរាំងស្ទះដល់ ការដឹកជញ្ជូនសម្ភារៈសំខាន់ៗចំនួន។ ម៉្យាងវិញទៀត ក្រុមហ៊ុនដែលទទួលបន្ទុកសាងសង់នាវា ក៏ត្រូវផ្ទេរកម្លាំងបុគ្គលិកជាច្រើន ដើម្បីទៅជួយដល់កិច្ចប្រឹងប្រែងគ្រប់គ្រង COVID-19 នៅក្នុងទីក្រុងសៀងហៃ ផងដែរ។

គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង ដែលមានឈ្មោះសម្គាល់ Type 003 បានស្ថិតក្រោមការសាងសង់ នៅរោងចក្រសាងសង់កប៉ាល់ ជាំងណាន (Jiangnan Shipyard) លើកោះឆាងស៉ីង (Changxing) នៃក្រុងសៀងហៃ ចាប់តាំងតែពីឆ្នាំ២០១៧មក។ យោងតាមកាសែត SCMP នាវាផ្ទុកយន្តហោះចម្បាំងនេះ ត្រូវគេរំពឹងថានឹងដាក់សម្ពោធនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដែលនឹងត្រូវចំខួប៧៣ឆ្នាំ នៃកងទ័ពជើងទឹករបស់ប្រទេសចិន។

បច្ចុប្បន្ន ចិនមាននាវាផ្ទុកយន្តហោះចម្បាំងចំនួន២គ្រឿង រួមមានឈ្មោះ លាវនីង (Liaoning) និងសានទុង (Shandong)។ នាវាផ្ទុកយន្តហោះចម្បាំងទី៣របស់ចិន នឹងបំពាក់ប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូម៉ាញេទិចចំនួន៣គ្រឿង សម្រាប់រុញច្រានយន្តហោះ ដែលធ្វើឱ្យវា ខុសពីនាវាផ្ទុកយន្តហោះចម្បាំង២គ្រឿងមុន ដែលប្រើមធ្យោបាយរចនាមុខនាវាឱ្យមានភាពខោង ដើម្បីជាជំនួយដល់ការហោះឡើងរបស់យន្តហោះ៕