(ប៉េកាំង)៖ មន្ត្រីម្នាក់បានឲ្យដឹងថា ប្រទេសចិននឹងបាញ់បង្ហោះអវកាសយានិកបីនាក់ទៀត ទៅកាន់ស្ថានីយអវកាសថ្មីបំផុតរបស់ខ្លួនក្នុងខែមិថុនា បន្ទាប់ពីនាវិកចុងក្រោយបានត្រឡប់មកដល់ផែនដីវិញនៅចុងសប្តាហ៍នេះ ក្រោយពីស្នាក់នៅក្នុងគន្លងតារាវិថីរយៈពេល០៦ខែ ដែលជាបេសកកម្មយូរបំផុតរបស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

លោក Hao Chun ប្រធានការិយាល័យវិស្វកម្មអវកាសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា បេសកកម្មសិនចូវ-១៤ (Shenzhou 14) នឹងចំណាយពេល០៦ខែ នៅក្នុងស្ថានីអាវកាស Tiangong ដើម្បីបន្ថែមម៉ូឌុលចំនួនពីរសម្រាប់ស្ថានីយនេះ។

កម្មវិធីអវកាសដ៏មានមហិច្ឆតារបស់ប្រទេសចិន បានបើកដំណើរការអវកាសយានិកដំបូងរបស់ខ្លួនទៅកាន់គន្លងតារាវិថីក្នុងឆ្នាំ២០០៣ ហើយយានមនុស្សយន្តបានចុះចតនៅលើព្រះចន្ទក្នុងឆ្នាំ២០១៣ និងនៅលើភពអង្គារកាលពីឆ្នាំមុន។ ក្រុមមន្ត្រីបានពិភាក្សាអំពីលទ្ធភាព នៃបេសកកម្មមនុស្សផ្ទាល់អាចទៅឋានព្រះចន្ទ។

គួរបញ្ជាក់ថា អវកាសយានិកទាំង៣រូបនោះ មានបុរស២នាក់ និងស្រ្តីម្នាក់ បានចុះមកផ្ទៃផែនដីវិញ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ រយៈពេល៩ម៉ោង ក្រោយយានអវកាសពួកគេ ចាកចេញពីកំណាត់បន្ទប់ស្នូល ធានហ៉ី (Tianhe) នៃស្ថានីយអវកាសចិន ធានកុង (Tiangong) ជាទីដែលអ្នកទាំងបីស្នាក់នៅរយៈពេល៦ខែ៕