(មូស្គូ)៖ ទីភ្នាក់ងារព័ត៌មាន TASS ដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំតំបន់ លោក Nikolai Korchunov ដែលបាននិយាយនៅថ្ងៃអាទិត្យ ទី១៧ ខែមេសានេះថា រុស្ស៊ីព្រួយបារម្ភអំពីការកើនឡើងនៃសកម្មភាពរបស់កងកម្លាំងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅតំបន់អាក់ទិក ហើយមើលឃើញហានិភ័យនៃ «ឧប្បត្តិហេតុអចេតនា» ដែលកើតឡើងនៅក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters។

លោក Korchunov បាននិយាយថា «ការកើនឡើងនាពេលថ្មីៗនេះ នៃសកម្មភាពរបស់អង្គការណាតូនៅក្នុងតំបន់អាក់ទិក គឺជាមូលហេតុនៃការព្រួយបារម្ភ។ សមយុទ្ធយោធាទ្រង់ទ្រាយធំមួយផ្សេងទៀត នៃសម្ព័ន្ធភាពត្រូវបានធ្វើឡើងនាពេលថ្មីៗនេះនៅភាគខាងជើងប្រទេសន័រវេស ដែលកត្តាទាំងនេះ មិនបានរួមចំណែកដល់សន្តិសុខក្នុងតំបន់ឡើយ»

យោងតាមលោក Korchunov សកម្មភាពបែបនេះបង្កើនហានិភ័យនៃ «ឧប្បត្តិហេតុអចេតនា» ដែលបន្ថែមពីលើហានិភ័យសុវត្ថិភាព ក៏អាចបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីអាកទិកផងដែរ។

គួរបញ្ជាក់ថា កាលពីខែមីនា ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលប្រទេសទាំងពីរកំពុងពិចារណាចូលរួមជាមួយសម្ព័ន្ធភាពយោធាណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នាជាមួយអង្គការយោធាមួយនេះ។ ទោះបីសមយុទ្ធនេះត្រូវបានគ្រោងទុកជាយូរណាស់មកហើយក៏ដោយ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ បានបន្ថែមភាពធ្ងន់ធ្ងរដល់ល្បែងសង្រ្គាម។ ទីក្រុង ម៉ូស្គូ ពណ៌នា សកម្មភាព របស់ ខ្លួន ក្នុង ប្រទេស អ៊ុយក្រែន ថា ជា «ប្រតិបត្តិការ យោធា ពិសេស»