(សៀងហៃ)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ អវកាសយានិកចិន៣នាក់ បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព ក្រោយពួកគេចំណាយពេលសរុប១៨៣ថ្ងៃ ក្នុងទីអវកាស ដែលជាបេសកកម្មមានរយៈពេលយូរបំផុត សម្រាប់ប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

អវកាសយានិកទាំង៣រូបនោះ មានបុរស២នាក់ និងស្រ្តីម្នាក់ បានចុះមកផ្ទៃផែនដីវិញ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ រយៈពេល៩ម៉ោង ក្រោយយានអវកាសពួកគេ ចាកចេញពីកំណាត់បន្ទប់ស្នូល ធានហ៉ី (Tianhe) នៃស្ថានីយអវកាសចិន ធានកុង (Tiangong) ជាទីដែលអ្នកទាំងបីស្នាក់នៅរយៈពេល៦ខែ។

បេសកកម្ម សិនចូវ-១៣ (Shenzhou-13) ខាងលើ គឺជាបេសកកម្មទី៥ ក្នុងចំណោមបេសកកម្មទាំងអស់ចំនួន១១ ដែលចាំបាច់ដើម្បីសម្រេច ការសាងសង់ស្ថានីយអវកាសចិនឱ្យហើយ នៅមុនដំណាច់ឆ្នាំ២០២២នេះ។ វាគឺជាបេសកម្មបញ្ជូនមនុស្សលើកទី២ ក្នុងចំណោមបេសកកម្មបញ្ជូនមនុស្សសរុបចំនួន៤ នៃដំណើរការសាងសង់ស្ថានីយអវកាស Tiangong ដែលបានចាប់ផ្តើមដំបូង កាលពីខែមេសា ឆ្នាំ២០២១។ បេសកកម្ម Shenzhou-12 ដែលជាបេសកកម្មបញ្ជូនមនុស្សលើកទី១ បានត្រឡប់មកផែនដីវិញ កាលពីខែកញ្ញា ឆ្នាំមុន។

គួរបញ្ជាក់ថា បេសកម្ម២បន្ទាប់របស់ចិន គឺបេសកកម្ម ធានចូវ-៤ (Tianzhou-4) ដែលជាការដឹកជញ្ជូនសម្ភារៈ និង សិនចូវ- ១៤ (Shenzhou-14) ដែលជាការបញ្ជូនអវកាសយានិក៣នាក់ទៀត៕