(ប៉ារីស)៖ បេក្ខជនប្រធានាធិបតីបារាំង លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែផ្តល់សំណងដល់បារាំង សម្រាប់ការខាតបង់ផ្សេងៗ ប្រសិនបើសហភាពអឺរ៉ុប សម្រេចដាក់បម្រាមលើឧស្ម័នរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយ ប៉ុស្តិ៍ទូរទស្សន៍បារាំង BFM TV លោកស្រី Le Pen បាននិយាយដូច្នេះថា «អាមេរិក ដែលនឹងជាអ្នកលក់ឧស្ម័នធម្មជាតិរាវឱ្យយើង ហើយទទួលបានប្រាក់ចំណេញយ៉ាងច្រើននោះ គួរតែផ្តល់សំណងមកដល់បារាំងវិញ សម្រាប់ការខាតបង់ផ្សេងៗ ព្រោះតែទណ្ឌកម្មប្រឆាំងលើរុស្ស៉ី» ខណៈលោកស្រីបានសង្កត់ធ្ងន់ថា ដោយសារទីក្រុងវ៉ាស៉ីនតោន ជាអ្នកដែលកំពុងខ្នះខ្នែងជំរុញឱ្យសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើការនាំចូលថាមពលពីរុស្ស៉ី។

បើតាមលោកស្រីបេក្ខជនប្រធានាធិបតីបារាំង ប្រសិនបើទីក្រុងវ៉ាស៉ីនតោនទទួលជោគជ័យ នោះការបង់ថ្លៃឥន្ធនៈនឹងកើនឡើងយ៉ាងគំហុក សម្រាប់ប្រជាជនបារាំង។ ប៉ុន្តែលោកស្រីជឿថា ក្រុមមហាសេដ្ឋីថាមពលអាមេរិក មិនខ្វាយខ្វល់នោះឡើយពីប្រជាជនបារាំង និងទុក្ខលំបាករបស់ពួកគេ ហើយចាប់អារម្មណ៍តែក្នុងការធ្វើអាជីវកម្ម និងអន្ទះសាចង់បានប្រាក់ចំណេញ ពីកំណើននៃការនាំចេញឧស្ម័នទៅកាន់អឺរ៉ុបប៉ុណ្ណោះ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មជាច្រើនលើទីក្រុងមូស្គូ ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែមកទល់ពេលនេះ បណ្តារដ្ឋជាសមាជិក មិនទាន់អាចឯកភាពគ្នា ចំពោះការដាក់បម្រាមលើ ការនាំចូលថាមពលរបស់រុស្ស៉ីនៅឡើយទេ។ យ៉ាងណាក្តី ក្រុមមន្រ្តីជាន់ខ្ពស់ EU បានប្រាប់ថា ការពិភាក្សាជុំវិញបញ្ហានេះនឹងបន្តទៅទៀត។ សព្វថ្ងៃ រុស្ស៉ីទទួលបន្ទុកផ្គត់ផ្គង់ ៤០ភាគរយនៃឧស្ម័ន និង២៥ភាគរយនៃ ប្រេងដែលកំពុងប្រើប្រាស់នៅក្នុងសហភាពអឺរ៉ុប៕