(វ៉ាស៉ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា មនុស្ស១២នាក់បានទទួលរងរបួស និងជនសង្ស័យ៣នាក់ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីករណីបាញ់ប្រហារមួយ កើតមានឡើងនៅផ្សារទំនើប ក្នុងទីក្រុងកូឡុំបៀ (Columbia) នៃរដ្ឋការ៉ូលីណាខាងត្បូង (South Carolina) នារសៀលថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

ស្នងការប៉ូលិសទីក្រុង Columbia លោក វីលៀម ហូលប៊្រុក (William Holbrook) បាននិយាយថា ហេតុការណ៍ខាងលើ បានកើតឡើងនៅផ្សារទំនើប កូឡុំបៀយ៉ាណា សេនធើ (Columbiana Centre) ខណៈពុំមានអ្នកបាត់បង់ជីវិត ត្រូវបានរាយការណ៍នោះឡើយ។ បុគ្គល៣នាក់ ដែលមានអាវុធជាប់ខ្លួន ត្រូវបានប៉ូលិសឃាត់ខ្លួន ប៉ុន្តែមិនច្បាស់ថា ប៉ុន្មាននាក់ ដែលបានបាញ់ការភ្លើងរបស់ពួកគេនោះទេ។

លោក Holbrook បានគូសបញ្ជាក់ថា បើតាមការជឿជាក់របស់ប៉ូលិស បុគ្គលដែលមានអាវុធជាប់ខ្លួនទាំងនោះ គឺស្គាល់គ្នា ហើយហាក់មានបញ្ហាវិវាទកើតឡើង ដែលឈានទៅបង្កជាការផ្ទុះអាវុធ ពោលវាមិនមែនជាសកម្មភាពបើកការវាយប្រហារ ដោយកម្រោល ទៅលើមនុស្សក្នុងផ្សារទំនើបឡើយ។

គួរបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះ គឺ១០នាក់ បានរងរបួសដោយសារគ្រាប់កាំភ្លើងផ្ទាល់ ខណៈ៩នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញហើយ ក្រោយព្យាបាលរបួសរួចរាល់៕