(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៉ី អាចរួមមាននូវឯកសារដាច់ដោយឡែក២ផ្សេងគ្នា ដែលគ្របដណ្តប់លើបញ្ហាគន្លឹះចំនួន២ គឺការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ហើយនិង ទំនាក់ទំនងនាពេលអនាគតរវាងអ៊ុយក្រែននិងរុស្ស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន លោក ហ្សេលេនស្គី បាននិយាយថា ទីក្រុងមូស្គូចង់បានកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយមួយ ដែលនឹងគ្របដណ្តប់លើបញ្ហាទាំងអស់ ប៉ុន្តែដោយសារបញ្ហានៃការធានាសន្តិសុខ ត្រូវជាប់ពាក់ព័ន្ធជាមួយប្រទេសដទៃទៀត នោះការបង្កើតឯកសារចេញជា២ ដាច់ដោយឡែកពីគ្នា អាចជាដំណោះស្រាយដែលប្រសើរជាង។

លោកប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងដូច្នេះថា «សន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៉ី អាចរួមមាននូវឯកសារ២ផ្សេងគ្នា។ មួយសម្រាប់បញ្ហានៃការធានាសន្តិសុខដល់អ៊ុយក្រែន និងមួយទៀតផ្តោតដោយផ្ទាល់ទៅលើ ទំនាក់ទំនងរបស់ទីក្រុងកៀវជាមួយទីក្រុងមូស្គូ»

គួរបញ្ជាក់ថា កិច្ចចរចាចុងក្រោយបំផុតរវាងអ៊ុយក្រែននិងរុស្ស៉ី បានប្រព្រឹត្តទៅនៅទីក្រុងអ៉ីស្តង់ប៊ុលនៃប្រទេសតួកគី កាលពីចុងខែមីនា។ ប៉ុន្តែក្នុងសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា វាបានឈានដល់ផ្លូវទាល់ ដោយសារតែអ៊ុយក្រែន មិនព្រមបំពេញតាមសំណើដ៏សំខាន់មួយរបស់រុស្ស៉ី គឺការទទួលស្គាល់តំបន់គ្រីមៀជារបស់រុស្ស៉ី និងតំបន់ជម្លោះដុនបាស់ជារដ្ឋឯករាជ្យ៕