(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានរាយការណ៍ថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះពិនិត្យការធ្វើតេស្តសព្វាវុធយុទ្ធសាស្រ្តប្រភេទថ្មីមួយ ដែលមានគោលដៅពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA បានឱ្យដឹងថា ការធ្វើតេស្តសព្វាវុធចុងក្រោយបំផុតនោះ មានសារសំខាន់ជាខ្លាំងក្នុងការធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពប្រយុទ្ធរបស់ កងកម្លាំងផ្លោងគ្រាប់រយៈចម្ងាយឆ្ងាយ ដែលនៅជួរមុខ ហើយពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អាវុធនុយក្លេអ៊ែរ។ យ៉ាងណាក្តី KCNA មិនបានបង្ហើបប្រាប់ពីទីតាំង, ព័ត៌មានលម្អិតពាក់ព័ន្ធនឹងមីស៉ីល ឬក៏ពេលវេលានៃការធ្វើតេស្តឡើយ ក្រៅតែពីបញ្ចេញរូបភាពមួយចំនួន។

ដោយឡែក នៅថ្ងៃអាទិត្យដដែលនេះ ខាងយោធាកូរ៉េខាងត្បូង បានអះអាងថា ខ្លួនចាប់បានសញ្ញានៃការបាញ់មីស៉ីលចំនួន២គ្រាប់ ចេញពីឆ្នេរភាគខាងកើតរបស់កូរ៉េខាងជើង សំដៅទៅផ្ទៃសមុទ្រ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ មីស៉ីលទាំងនោះហោះបានចម្ងាយប្រហែល ១១០គីឡូម៉ែត្រ និងឡើងដល់រយៈកម្ពស់២៥គីឡូម៉ែត្រ ជាមួយល្បឿនអតិបរមាក្រោម Mach 4 (Mach 1 = ១២៣៤.៨គីឡូម៉ែត្រក្នុងមួយម៉ោង)។

គួរបញ្ជាក់ថា សេចក្តីរាយការណ៍របស់ KCNA ធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើងទើបតែប្រារព្ធ ខួបកំណើតទី១១០ របស់អតីតបិតាស្ថាបនិកកូរ៉េខាងជើងគឺ លោក គីម អ៉ីលស៊ុង ប៉ុន្តែដោយពុំមានការធ្វើព្យុហយាត្រាយោធានោះឡើយ។ ទោះជាបែបនេះ កូរ៉េខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងនៅតែអាចប្រារព្ធព្យុហយាត្រាយោធា ឬសាកល្បងអាវុធជាថ្មីទៀត នៅថ្ងៃទី២៥ ខែមេសា ឬក្បែរៗនោះ ដែលត្រូវជាខួបនៃការបង្កើតកងទ័ពកូរ៉េខាងជើង៕