(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់កោះហៃណាន ភាគខាងត្បូងប្រទេសនៅថ្ងៃពុធ ទី១៣ មេសានេះថា ប្រទេសចិន មិនត្រូវបន្ធូរបន្ថយវិធានការគ្រប់គ្រង និងបង្ការជំងឺកូវីដ-១៩ ឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។

ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេលដែលរដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសចិន គឺទីក្រុងសៀងហៃបានរាយការណ៍ពីករណីថ្មីជាង ២៥,០០០ករណី នៅថ្ងៃនេះ។ ចាប់តាំងពីមេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan របស់ប្រទេសចិនកាលពីចុងឆ្នាំ ២០១៩មក ស្ថានភាពបច្ចប្បន្ននេះវាជាសម្ពាធដ៏ធំបំផុតរបស់ប្រទេសចិន ក្នុងការទប់ស្កាត់កូវីដ១៩។

លោក ស៊ី បាននិយាយថា ប្រទេសចិនត្រូវតែបន្តជាមួយនឹងគោលនយោបាយ «បោសសំអាតកូវីដ១៩ ដ៏តឹងរ៉ឹង» របស់ខ្លួន ខណៈពេលដែលកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់ នៃវិធានការមកលើសេដ្ឋកិច្ច និងសង្គម៕