(ប៉ារីស)៖ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយនៅថ្ងៃពុធនេះថា លោកកំពុងខិតខំប្រឹងប្រែង គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន និងស្ដារសន្តិភាពនៅក្នុងតំបន់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

ក្នុងពេលជាមួយគ្នានោះ លោកក៏បានសម្ដែងការមិនយល់ស្របផងដែរនឹងពាក្យសម្ដីរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលបានអះអាងថាអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន គឺជា «អំពើប្រល័យពូជសាសន៍»។ លោក ម៉ាក្រុងធ្វើការកត់សម្គាល់ បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងហ្វ្រង់ដឺ (France 2)។ ប្រធានាធិបតីបារាំងរូបនេះ បានបញ្ជាក់ដូច្នេះថា «អ្នកត្រូវតែមាន ការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងលក្ខខណ្ឌថ្ងៃនេះ ពីព្រោះយើងកំពុងនិយាយអំពីរុស្ស៊ី និងអ៊ុយក្រែន»

លោកបន្តថា «ខ្ញុំចង់បន្តការព្យាយាមខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបញ្ឈប់ជម្លោះ និងស្ដារសន្តិភាពឡើងវិញ។ ខ្ញុំមិនគិតថាការប្រើប្រាស់ ភាសាបែបនេះ អាចជួយស្ដារសន្តិភាពឡើងវិញនោះទេ។ ចំណែឯ ភស្តុតាងទាំងអស់នៃឧក្រិដ្ឋកម្មសង្គ្រាម គួរតែត្រូវបានស៊ើបអង្កេតដោយ យុត្តិធម៌ ព្រោះអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន គឺមិនអាចទទួលយកបានទេ»

គួរបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានចាត់ទុកថាអំពើឃោរឃៅដែលបានកើតឡើងនៅក្នុងសង្រ្គាមរបស់ រុស្ស៉ីនៅអ៊ុយក្រែន គឺជាអំពើប្រល័យពូជាសាសន៍ដែលការលើកឡើងបែបនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យភាពតានតឹងកាន់តែកើនឡើង៕