(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃពុធនេះ បានចេញមុខបដិសេធចំពោះ សេចក្តីរាយការណ៍ព័ត៌មានមួយដែលថា ជប៉ុនទទួលបានការអញ្ជើញ ឱ្យចូលរួមក្នុងសម្ព័ន្ធភាពសន្តិសុខ AUKUS ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្តាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែមេសា ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ សារព័ត៌មានជប៉ុន សាន់កី ស៉ីមប៊ុន (Sankei Shimbun) បានរាយការណ៍ថា ទីក្រុងតូក្យូត្រូវបានសមាជិកទាំង៣ របស់ AUKUS ទាក់ទង ស្តីពីការចូលរួមរបស់ជប៉ុន នៅក្នុងសម្ព័ន្ធភាពសន្តិសុខនេះ។ យ៉ាងណាមិញ នៅថ្ងៃពុធនេះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក ហ៉ីរ៉ូកាហ៊្សូ ម៉ាត់ស៊ូណូ (Hirokazu Matsuno) បានចេញមុខច្រានចោលសេចក្តីរាយការណ៍នោះ ដោយថាវាពុំមានការពិតបន្តិចសោះឡើយ ព្រោះជប៉ុនមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុង AUKUS ទេ។

គួរបញ្ជាក់ថា សម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS ដែលត្រូវគេមើលឃើញថា ជាយុទ្ធសាស្រ្តមួយដើម្បីទប់ទល់ឥទ្ធិពលចិននៅក្នុងតំបន់ប៉ាស៉ីហ្វិក ត្រូវបានប្រកាសដោយមេដឹកនាំអាមេរិក-អង់គ្លេស-អូស្រ្តាលី កាលពីខែកញ្ញា ឆ្នាំ២០២១។ គោលដៅដំបូងរបស់ AUKUS គឺជួយផ្តល់ឱ្យទីក្រុងកង់បេរ៉ានូវ ក្រុមនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ប៉ុន្តែកាលពីសប្តាហ៍មុននេះ ប្រទេសទាំង៣ ទើបតែបានប្រកាស ពីការរួមគ្នាអភិវឌ្ឍមីស៉ីលល្បឿនលឿនជាងសំឡេងថែមទៀត ខណៈដំណឹងនោះក៏ទទួលបានការគាំទ្រពីទីក្រុងតូក្យូផងដែរ។ យោងតាម Sankei Shimbun ការចង់ឱ្យជប៉ុនចូលរួមក្នុងការអភិវឌ្ឍមីស៉ីលល្បឿនលឿនជាងសំឡេង គឺជាកត្តាជំរុញចម្បងមួយ នៅពីក្រោយការអញ្ជើញឱ្យចូលរួមក្នុង AUKUS៕