(កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃពុធនេះបានអះអាងថាទាហាន ១,០២៦នាក់ មកពីកងពលតូចម៉ារីនទី៣៦ របស់អ៊ុយក្រែន រួមទាំង មន្រ្តីចំនួន ១៦២នាក់ទៀត បានទម្លាក់អាវុធសុំចុះចាញ់ នៅឯទីក្រុងកំពុផែម៉ារីយូប៉ូល (Mariupol) ដែលត្រូវបានឡោមព័ទ្ធ។ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន, ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ដូច្នេះថា «កងកម្លាំងប្រដាប់អាវុធរុស្ស៉ី និងកងជីវពលនៃតំបន់ដូណេត (Donetsk) បានធ្វើការវាយលុកដោយជោគជ័យលើទីក្រុង Mariupol នៅក្បែរតំបន់ឧស្សហកម្មធំៗចំនួន២ ដែលបានធ្វើឱ្យកងកម្លាំងអ៊ុយក្រែន ១,០២៦នាក់ បានទម្លាក់អាវុធសុំចុះចាញ់។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា ទាហានអ៊ុយក្រែនដែលរងរបួសចំនួន ១៥១នាក់ កំពុង ទទួលការព្យាបាលនៅនឹងកន្លែង ហើយខ្លះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទីក្រុង Mariupol។

ប៉ុន្តែភ្លាមៗ នៅមិនទាន់មានសេចក្តីរាយការណ៍ឆ្លើយតបណាមួយពីភាគីអ៊ុយក្រែន ទៅនឹងសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី នៅឡើយទេ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) មេដឹកនាំឆេឆេនី លោក រ៉ាំហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) ក៏បានអះអាងដែរថា ទាហានម៉ារីនអ៊ុយក្រែនជាង ១,០០០នាក់ ដែលកំពុងតស៊ូក្នុងទីក្រុង Mariupol បានសម្រេចចិត្តចុះចាញ់៕