(តៃប៉ិ)៖ រដ្ឋមន្ត្រីសុខាភិបាលកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនបានបញ្ជាទិញថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 របស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer ហៅថា ផាក់ឡូវីដ (Paxlovid) ចំនួន ៧០០,០០០ឈុត ចំពេលមានការកើនឡើងជាលំដាប់ នៃចំនួនករណីឆ្លង ខណៈដែលរដ្ឋាភិបាលបានសន្យាថា នឹងបើកព្រំដែនឡើងវិញបន្តិចម្តងៗ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២។

កោះតៃវ៉ាន់ បានរក្សាការឆ្លងរាតត្បាតនៃជំងឺ COVID-19 បានយ៉ាងល្អ ដោយអរគុណចំពោះវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងទាន់ពេលវេលា។ ប៉ុន្តែករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយករណីឆ្លងថ្មីៗចំនួន ៤៣៩ករណី ត្រូវបានរាយការណ៍នៅថ្ងៃចន្ទនេះ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតទី២ ក្នុងឆ្នាំ២០២២នេះ។ រដ្ឋាភិបាលតៃវ៉ាន់ កំពុងមានការប្រុងប្រយ័ត្នខ្ពស់ បើទោះបីជាចំនួននេះនៅតែមានកម្រិតទាបក៏ដោយ។

រដ្ឋមន្ត្រីសុខាភិបាលកោះតៃវ៉ាន់ លោក ចិន ស្ស៉ីជុង (Chen Shih-chung) បាននិយាយថា ថ្នាំគ្រាប់ដែលបានបញ្ជាទិញ នឹងគ្រប់គ្រាន់សម្រាប់ ៣ភាគរយនៃចំនួនប្រជាជនកោះតៃវ៉ាន់ទាំងអស់ ដោយពាក់កណ្តាលនៃចំនួនថ្នាំទាំងនោះ នឹងមកដល់នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២២នេះ។ លោក Chen បានប្រាប់អ្នកសារព័ត៌មានថា «ថ្នាំគ្រាប់នេះ អាចការពារការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងមានប្រយោជន៍ខ្លាំងណាស់ សម្រាប់ការទប់ស្កាត់ការរាតត្បាត COVID-19 ជាទូទៅ»។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២២នេះមក កោះតៃវ៉ាន់បានកត់ត្រានូវករណីឆ្លងក្នុងសហគមន៍សរុបចំនួន ៣,៩៧៦ករណី ដោយមានមនុស្សតែ ១៣នាក់ប៉ុណ្ណោះ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងមានតែ ២នាក់ប៉ុណ្ណោះបានស្លាប់។ កោះតៃវ៉ាន់ បានរក្សាការពាក់ម៉ាស់ជាកាតព្វកិច្ច ហើយប្រហែល៨០ភាគរយនៃចំនួនប្រជាជន បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ (ចំនួន២ដូស) ខណៈដែលជាង ៥០ភាគរយបានចាក់វ៉ាក់សាំងដូសជំរុញ (ចំនួន ៣ដូស)៕