(វ៉ាស៉ីនតោន)៖ មន្រ្តីការពារជាតិអាមេរិក បាននិយាយថា សហរដ្ឋអាមេរិកជឿថា ប្រទេសរុស្ស៉ីបានប្រើមីស៊ីលផ្លោងរយៈចម្ងាយខ្លី ក្នុងការវាយប្រហារស្ថានីយ៍រថភ្លើងមួយកន្លែង ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែមេសា ឆ្នាំ២០២២។

អ៊ុយក្រែនបានអះអាងថា មនុស្សយ៉ាងហោចណាស់៥០នាក់ បានស្លាប់និងជាច្រើននាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហារស្ថានីយ៍រថភ្លើង នៅឯទីក្រុង ក្រាម៉ាតូស (Kramatorsk) ដែលពោរពេញទៅដោយជនស៊ីវិល ខណៈដែលពួកគេសង្ឃឹមថា នឹងអាចធ្វើដំណើរចាកចេញពីប្រទេស ចំពោះមុខការគំរាមកំហែងនៃសង្រ្គាម។

បើតាមមន្រ្តីការពារជាតិអាមេរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រសួងការពារជាតិអាមេរិក ជឿថាយោធារុស្ស៉ី បានប្រើប្រាស់មីស៉ីលផ្លោង SS-21 ក្នុងការវាយប្រហារនោះ ខណៈចេតនានៅពីក្រោយការវាយប្រហារ នៅមិនទាន់ត្រូវបានដឹងច្បាស់ នៅឡើយទេ។

SS-21 គឺជាឈ្មោះដែលប្រើដោយអង្គការ NATO សម្រាប់សំដៅលើមីស៉ីល ថូឆ្កា (Tochka) កាលពីសម័យអតីតសហភាពសូវៀត។ ពេលនេះ សហរដ្ឋអាមេរិកកំពុងបន្តវិភាគទិន្នន័យលើការរវាយប្រហារនេះ ហើយវានៅមិនទាន់ច្បាស់ទេថា តើគ្រាប់ចង្កោមត្រូវបានប្រើប្រាស់ដែរ ឬយ៉ាងណា។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន RIA ដែលបានដកស្រង់ប្រភពពីក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថា មីស៊ីលដែលត្រូវបានរាយការណ៍ថា វាយប្រហារលើស្ថានីយ៍រថភ្លើងនោះ គឺជាប្រភេទមានតែយោធាអ៊ុយក្រែនប៉ុណ្ណោះ ដែលប្រើប្រាស់ ហើយកងកម្លាំងរុស្ស៉ី មិនបានកំណត់គោលដៅវាយប្រហារទីក្រុង Kramatorsk នោះទេ។ យ៉ាងណាក្តី ខាងអាមេរិក មិនទទួលយកការច្រានចោលនេះឡើយ។

គូរបញ្ជាក់ថា យោតាមវីដេអូដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហាក់ដូចជាបង្ហាញឱ្យឃើញសកម្មភាព កងកម្លាំងរុស្ស៉ីដឹកជញ្ជូនមីស៊ីល Tochka នៅក្នុងឬក្បែរទឹកដីរបស់អ៊ុយក្រែន ប៉ុន្តែប្រភពវីដេអូទាំងនោះ មិនទាន់អាចផ្ទៀតផ្ទាត់ យកជាការបាននៅឡើយទេ៕