(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងស្ថិតនៅក្នុងភាពឯកាមិនធ្លាប់មានពីមុនមក ដោយសារតែសង្រ្គាមរបស់លោកលើ ប្រទេសអ៊ុយក្រែន ដែលលោកខាងលិចហៅថាជាការឈ្លានពាន។ នេះជាអ្វីដែលគេបានស្ដាប់ឮ នៅលើប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ រុស្ស៉ី បច្ចុប្បន្ន កំពុងប្រឈមមុខនឹងទណ្ឌកម្មយ៉ាងច្រើនសន្ធាប់ពីសំណាក់បណ្ដាប្រទេសលោកខាងលិច ហើយលោក ពូទីនផ្ទាល់រួមទាំងកូនស្រី

ក៏រងទណ្ឌកម្មផងដែរ។ មិនតែប៉ុណ្ណោះ បើតាមទីភ្នាក់ស៊ើបការណ៍សម្ងាត់អាមេរិក សូម្បីតែក្រុមមន្ត្រីទីប្រឹក្សារបស់លោក ក៏មិនហ៊ានរាយការណ៍ពី ស្ថានភាពពិតជាក់ស្ដែងរបស់កងទ័ពរុស្ស៉ី កំពុងប្រយុទ្ធនៅអ៊ុយក្រែននោះដែរ ពីព្រោះពួកគេខ្លាចធ្វើឱ្យលោក ពូទីនក្ដៅក្រហាយ។

មែនទែនទៅ សង្រ្គាមនៅអ៊ុយក្រែន វាមិនមែនត្រឹមតែជាការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងអ៊ុយក្រែនប៉ុណ្ណោះទេ តែវាជាសង្រ្គាមត្រជាក់ថ្មីមួយ រវាងប្លុកលោកខាងលិច និងរុស្ស៊ី។ ម្យ៉ាងវិញទៀត ប្រទេសដែលកំពុងខ្នះខ្នែងដាក់ទណ្ឌកម្មប្រឆាំងមូស្គូ ក៏នៅតែជាបណ្ដាប្រទេសលោកខាងលិច ដដែល តួយ៉ាងដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបដែលចាត់ទុករុស្ស៉ីថាជា «តួអង្គចិត្តអាក្រក់»។ ដូច្នេះវាមិនចម្លែកអ្វីនោះទេដែលគេនិយាយថា បុរសខ្លាំងពូទីនកំពុងឯកា។

តែទោះជាបែបនេះក្ដី នៅពេលដែលគេងាកចេញពីលោកខាងលិច គេអាចនឹងយល់ភ្លាមៗថាលោក ពូទីន មិនមែនឯកាខ្លាំងដូចដែលគេកំពុងគិត នោះទេ ដោយលោកនៅតែមានមិត្ត ហើយក្នុងចំណោមមិត្តទាំងនោះក៏មានមិត្តរបស់អាមេរិកទៀតផង។ នៅក្នុងចំណោមប្រទេសទាំង ១៩៣ ជាសមាជិកអង្គការសហប្រជាជាតិ មាន ១៤១ប្រទេសទៅហើយបានបោះឆ្នោតថ្កោលទោសការឈ្លានពានរបស់រុស្ស៉ី តែនេះមិនមែនមានន័យថា ប្រទេសទាំងអស់នេះសុទ្ធតែប្រឆាំងនឹងរុស្ស៊ីនោះទេ ដ្បិតអត្រាគាំទ្រភាគច្រើនពីបណ្ដាប្រទេសមិនមែនលោកខាងលិចមានចំនួនតិចតួច។

ពោលគឺ នៅក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ ក្នុងនោះរួមមានទាំងសម្ព័ន្ធមិត្តស្និទ្ធនឹងរុស្ស៉ីមានការស្ទាក់ស្ទើរ ហើយមិនទាន់សម្រេចចិត្តច្បាស់លាស់ នោះទេមកទល់នឹងពេលនេះ។ ប្រទេសទាំងនោះមានដូចជា ចិន, ឥណ្ឌា, ប្រេស៊ីល, ប្រទេសអាហ្វ្រិកចំនួន ១៧ រួមមានទាំងអាហ្វ្រិកខាងត្បូង និង ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាដូចជាអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ា់ប់រួមដែលជាសម័្ពន្ធមិត្តអាមេរិក សុទ្ធតែបានបោះឆ្នោត «អនុបវាទ» លើ ដំណោះស្រាយ UN ថ្កោលទោស និងចាត់ទុកថាសកម្មភាពយោធារុស្ស៊ីនៅអ៊ុយក្រែនជាការឈ្លានពាន។

ដើម្បីងាយស្រួលយល់ អាចចាប់ផ្ដើមមុនគេពីជំហររបស់ឥណ្ឌា ដែលត្រូវបានគេចាត់ទុកថាជាប្រជាធិបតេយ្យធំជាងគេនៅលើពិភពលោក។ ទោះជា មានការជំរុញពីសហរដ្ឋអាមេរិក និងអឺរ៉ុបឱ្យថ្កោលទោស និងចូលរួមដាក់ទណ្ឌកម្មលើរុស្ស៉ីក៏ដោយ តែឥណ្ឌាមកទល់នឹងម៉ោងនេះនៅតែរក្សា គោលជំហរអព្យាក្រឹត្យដោយមិនគាំទ្រសង្រ្គាមឈ្លានពានអ៊ុយក្រែន ហើយក៏មិនថ្កោលទោសរុស្ស៊ី។ ក្រៅតែពីមានទំនាក់ទំនងល្អនឹងគ្នាតាំងពីសម័យ សង្រ្គាមត្រជាក់មក រុស្ស៊ីក៏ជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេមួយសម្រាប់ឥណ្ឌាផងដែរ ដោយអាវុធដែលនាំចូលមានច្រើនជាង ៦០ភាគរយ មានប្រភព មកពីរុស្ស៉ី ក្នុងនោះរួមមានទាំងការចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 កាលពីឆ្នាំ២០១៨ ជាដើម។ កាន់តែសំខាន់ទៅទៀតនោះ ឥណ្ឌា មើលឃើញថារុស្ស៊ីអាចជួយខ្លួនក្នុងការរក្សាតុល្យភាពអំណាចទប់ទល់ជាមួយចិនបាន។

ដោយឡែក បើនិយាយពីចិនវិញ, គេមិនបាច់និយាយអ្វីច្រើនទេ ព្រោះចិន និងរុស្ស៊ីជាសម្ព័ន្ធមិត្តដែលត្រូវការគ្នាទៅវិញទៅមក ដើម្បីទប់ទល់ជាមួយ នឹងលោកខាងលិច។

លើសពីនេះទៅទៀត កុំថាឡើយប្រទេសជាមិនមែនលោកខាងលិច សូម្បីតែតួកគីដែលជាសមាជិក NATO ក៏កំពុងព្យាយាមរក្សាទំនាក់ទំនងជាមួយ រុស្ស៊ីដែរ ដោយតួកគីបានហាមមិនឱ្យនាវាចម្បាំងទាំងអស់ធ្វើដំណើរឆ្លងកាត់ដែនទឹក ឬច្រកសមុទ្ររបស់ខ្លួន មិនមែនហាមតែនាវាចម្បាំងរុស្ស៊ី តែប៉ុណ្ណោះទេ។ «យើងមិនអាចបោះបង់ចោលអ៊ុយក្រែន ឬរុស្ស៊ីនោះទេ»។ នេះជាការលើកឡើងរ បស់លោកប្រធានាធិបតីតួកគី លោក អឺដូហ្កាន់។
ដូច្នេះគេអាចនិយាយបានថានៅក្នុងពិភពលោកខាងលិច រុស្ស៊ីគឺជាតួអង្គចិត្តអាក្រក់ តែចេញពីលោកខាងលិចរុស្ស៊ីនៅតែមានមិត្តរាប់អានដដែល៕

ប្រភព៖ Washington Post, Vox (ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២)