(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថាអតុល្យភាព នៅក្នុងប្រព័ន្ធសន្តិសុខបច្ចុប្បន្នរបស់សហភាពអឺរ៉ុប គឺជាមូលហេតុ ចម្បងមួយដែលនាំឱ្យសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៉ី Tass នៅថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២។

លោក វ៉ាង យី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋលេខាធិការបារំាំងទទួលបន្ទុកកិច្ចការអឺរ៉ុប លោក ក្លេម៉ង់ បូន (Clement Beaune) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក វ៉ាង យី បានញ្ជាក់ដូច្នេះថា «វាមានភាពចាំបាច់ក្នុងការអនុវត្តតាមគោលការណ៍ សន្តិសុខដែលមិនអាចកាត់ផ្ដាច់បាន និងការបង្កើតយន្តការសន្តិសុខដែលមានតុល្យភាព, ប្រសិទ្ធភាពឡើងវិញ ហើយនេះគឺជាមធ្យោបាយ តែមួយគត់ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពយូអង្វែង នៅតំបន់អឺរ៉ុប»។ លោកបន្ថែមថា គ្រប់ភាគីគួរតែជួយសម្រួលដល់ការចរចារសន្តិភាព រវាងរុស្ស៉ី និងអ៊ុយក្រែន ហើយមិនគួរអំពាវនាវឲ្យមានបទឈប់បាញ់ និងបន្តគាំទ្រផ្តល់អាវុធក្នុងពេលជាមួយគ្នានោះទេ។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈរុស្ស៉ី និងអ៊ុយក្រែន បានជួបចរចារគ្នាជាច្រើនលើក ប៉ុន្តែពុំទាន់មាន ការឯកភាពគ្នាណាមួយ ដើម្បីឈានដល់ការបញ្ចប់សង្រ្គាមនៅឡើយទេ ខណៈបណ្តាប្រទេសលោកខាងលិចបានបង្កើនការដាក់ទណ្ឌកម្មលើ រុស្ស៉ី និងបញ្ជូនអាវុធទៅគាំទ្រអ៊ុយក្រែន៕